ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូឆ្លងកាត់ថ្នល់ខ្វះការប្រុងប្រយ័ត្នត្រូវរថយន្តLEXUS RX300បុកប៉ះរងរបួសធ្ងន់ស្រាល២នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់បានរងរបួសធ្ងន់បាក់ឆ្អឹងតូចកំភួនជើងខាងស្ដាំ‌សន្លប់ស្ដូកស្ដឹងនឹងកន្លែង ខណៈជិះម៉ូតូឆ្លងកាត់ថ្នល់ខ្វះការប្រុងប្រយ័ត្នបណ្ដាលឲ្យរថយន្តLEXUS RX300 ពណ៌ស បើកស្របទិសគ្នាចប់ហ្វ្រាំងមិនទាន់ ក៏បុកពេញទំហឹងកាលពីនៅ ថ្ងៃអាទិត្យ ១៤រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១៤និង៣០នាទី នៅលើបណ្តាយផ្លូវជាតិលេខ៣១៦A ស្ថិតក្នុងភូមិគោកល្វៀង សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា មុនកើតហេតុមានរថយន្ដ១គ្រឿងម៉ាក LEXUS RX300 ពណ៌ស ‌ពាក់ស្លាកភ្នំពេញ ២AP.៧៤៤៣ បើកបរដោយឈ្មោះ ពេជ្រ‌ សម្បត្តិ‌ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់តាក់ស៊ី មានទីលំនៅភូមិទូលអំពិល សង្កាត់ច្រកម្ទេស ក្រុងបាវិត‌ ខេត្តស្វាយរៀង‌ ធ្វើដំណើរពីលិចទៅកើត លុះដល់កន្លែងកើតហេតុខាងលើស្រាប់តែមានម៉ូតូ១គ្រឿងម៉ាក Honda C១២៥ ពណ៌ខ្មៅសេរីឆ្នាំ២០១០ស្លាកលេខកណ្ដាល១០.០៣៦៣ បើកបរដោយឈ្មោះប៊ូ សុខភេទប្រុស អាយុ៦៥ឆ្នាំ‌ មុខរបរកសិករ មានទីលំនៅភូមិតាប៉ោ ឃុំសំឡីស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀងនជិះម៉ូតូឆ្លងថ្នល់ពីជើងទៅត្បូងស្របទិសគ្នា បណ្ដាលឲ្យប៉ះម៉ូតូបុករងរបួសធ្ងន់បាក់ឆ្អឹងតូចកំភួនជើងខាងស្ដាំ‌រួចរថយន្តក៏បានរេចង្កូតទៅបុកបង្គោលភ្លើងបន្តទៀតតែម្ដង។

បច្ចុប្បន្នអ្នកបើកបរម៉ូតូរងរបួសធ្ងន់បញ្ជូនទៅព្យាបាលនៅមន្ទីរខេត្តស្វាយរៀងចំណែកអ្នកបើកបររថយន្តរងរបួសស្រាល។

រថយន្ត និងម៉ូតូជាវត្ថុតាងត្រូវបានសមត្ថកិចច្ចនគរបាលឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងបាវិតដើម្បីបំពេញសំណុំរឿងចាត់ការតាមច្បាប់។

សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុ បណ្តាកមកពីអ្នកបើកបរម៉ូតូឆ្លងកាត់ថ្នល់ខ្វះការប្រុងប្រយ័ត្ន៕ យឹម សុថាន


ចែករំលែក៖