ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ម្នាក់ភ្លាមៗនៅនឹងកន្លែង ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនៅស្រុកសំរោង

ចែករំលែក៖

ខេត្តតាកែវ ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីបើកម៉ូតូទៅបុកជាមួយរថយន្តមួយគ្រោះដែលធ្វើដំណើរបញ្ច្រាសទិសគ្នា ដែលេហតុការណ៍នេះកើតឡើងកាលពីថ្ងៃចន្ទ ១កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រ៥៤-៥៥ ក្នុងភូមិព្រៃញឹក ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកសំរោងបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ យុង រដ្ឋធី ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិប្រាសាទ ឃុំក្រាំលាវ ស្រុកបាទី ខេត្តតាកែវ (មិនពាក់មួកសុវត្ថិភាព)បើកបរម៉ូតូម៉ាក ស្កុបពី ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1FV-0584 លុះបើកដល់ចំណុចកើតហេតុខាងលើ បានបុកជាមួយរថយន្តមួយគ្រឿងទៀត ម៉ាកហាយលែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AN-9848 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនក្រោយពេលកើតហេតុ ។

ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញចុះដល់កន្លែងកើតហេតុ ធ្វើកំណត់ហេតុដកហូតវត្ថុតាងពាក់ព័ន្ធមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោង ដើម្បីកសាងសំណុំរឿង រីឯសាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ភ្នំដា


ចែករំលែក៖