ខេត្តព្រះសីហនុ៖ កម្មការិនី រោងចក្រតំបន់សេដ្ឋកិច្ចពិសេសឃុំបិតត្រាំងម្នាក់ បានឈឺពោះឆ្លងទន្លេ តែមកពេទ្យមិនទាន់ឈឺពោះខ្លាំងពេក ក៏បានសម្រាលកូននៅចិញ្ចើមថ្នល់ កាលពីវេលាម៉ោងជិត៩ព្រឹក ថ្ងៃអង្គារ ២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ ។
ស្ត្រីរូបនេះមានផ្ទះនៅភូមិតាលះ ឃុំរាម ស្រុកព្រៃនប់ ពេលឈឺពោះឆ្លងទន្លេ ធ្វើដំណើរមកមន្ទីរពេទ្យ ដើម្បីសម្រាលកូន ប៉ុន្តែមកមិនទាន់ ក៏សម្រាលកូនខ្ចីតាមផ្លូវ ម្តុំខាងមុខរោងចក្របិតត្រាំង ស្រុកព្រៃនប់ តែម្តង។ ភ្លាមៗនោះ ដោយសារវិស័យទូរគមនាគមន៍ មានការជឿនលឿន ការផ្តល់ព័ត៌មានទាន់ហេតុការណ៍ ក្រុមគ្រូពេទ្យឆ្មបរបស់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បានចុះទៅជួយអន្តរាគមន៍ ជួយសម្រាលតាមបច្ចេកទេសពេទ្យ ទទួលបានសុវត្ថិភាព មុននឹងនាំយកមកសម្រាកបន្តនៅមន្ទីរពេទ្យបង្អែកខេត្ត។
លោកសេង ណុងប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុបានប្រាប់ឲ្យដឹងតាមទូរសព្ទ័ថា ស្ត្រីជាកម្មការីនីរោងចក្ររូបនេះ ឈ្មោះឆៀង ឆវី អាយុ២៣ឆ្នាំ មានប្តីឈ្មោះសេង រុនអាយុ២២ឆ្នាំ មានទីលំនៅភូមិតាលះ ឃុំរាម ស្រុកព្រៃនប់។ ចំណែកកូនតូចដែលទើបសំរាលនៅតាមផ្លូវនេះ ជាកូនប្រុស និងជាកូនទី៣ ដោយដាក់ឈ្មោះថា សំណាង មានទម្ងន់២,៨គីឡូក្រាម។
បច្ចុប្បន្ន ទាំងស្ត្រីជាម្តាយ និងទាំងទារក គ្រូពេទ្យអះអាងថា មានសុខភាពធម្មតា ៕ ឆ្លាម សមុទ្រ