ព័ត៌មានទាន់ហេតុការណ៍៖

សិស្សវិទ្យាល័យជីភូម្នាក់ជិះម៉ូតូមិនប្រកាន់ស្ដាំបុកម៉ូតូនិស្សិតសកលវិទ្យាល័យស្វាយរៀងបញ្ច្រាសគ្នារបួសធ្ងន់២នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ មនុស្សប្រុស២នាក់ បានរងរបួសធ្ងន់សន្លប់ស្ដូកស្ដឹងនឹងកន្លែង ខណៈជួបករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់រវាងម៉ូតូ២គ្រឿងបុកគ្នាក្នុងទិសដៅបញ្ច្រាសគ្នាពីកើតមកលិច នៅថ្ងៃថ្ងៃចន្ទ ១កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧វេលាម៉ោង៦និង៣០នាទីព្រឹក លើផ្លូជាតិលេខ១ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៤៨ លេខ១៤៩ ស្ថិតក្នុងភូមិកំពោតប្រស់ សង្កាត់ ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។

បើតាមនគរបាលក្រុងបាវិតបានមប្រាប់កាសែតនគរវត្តថា ភាគីម៉ូតូបង្កហេតុម៉ាកវិស្តុនពណ៌ ទឹកប៊ិច គ្មានស្លាកលេខ បើកបរដោយឈ្មោះឃួន វុទ្ធី អាយុ១៤ឆ្នាំ មុខរបរសិស្សវិឡាល័យជីភូ មានទីលំនៅភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។

ចំណែកភាគីរងគ្រោះឈ្មោះចាន់ រត្ឋ័ធី អាយុ១៨ឆ្នាំ មុខរបរនិស្សិតសកលវិឡាលយ័ស្វាយរៀង មានទីលំនៅភូមិព្រៃផ្ដៅ​សង្កាត់ច្រកម្ទេស ក្រុងបាវិត ដោយជិះម៉ូតូហុងដា C125 ពណ៌ខ្មៅ ស្លាកលេខ ស្វាយរៀង 1E.2478 ខូចខាតយ៉ាងដំណំ។

តាមសាក្សីបានប្រាប់ថា មុនកើតហេតុមានម៉ូតូ១គ្រឿង ម៉ាកវិស្តុនធ្វើដំណើរពីលិចមកកើតមិនប្រកាន់ស្ដាំ ស្រាប់តែទៅបុកនិងម៉ូតូ១គ្រឿងទៀតម៉ាកហុងដាC125ពណ៌ខ្មៅបញ្ច្រាសគ្នាពេញទំហឺងបណ្ដាលឲ្យរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅប្រទេសវៀតណាម។

ក្រោយមក សមត្ថកិច្ចបានមកវាស់វែងនិងអូសវត្ថុតាងទាំង២គ្រឿងមករក្សាទុកនៅប៉ុស្ដិ៍រដ្ឋបាល ច្រកម្ទេស ដើម្បីកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមច្បាប់៕ យឹម សុថាន


ចែករំលែក៖