ព័ត៌មានទាន់ហេតុការណ៍៖

ចេញពីក្លឹបនាំគា្នចូលដេកផ្ទះសំណាក់ត្រពាំងថ្លឹងមនោរម្យព្រឹកឡើងបាត់ម៉ូតូ ម្ចាស់ផ្ទះសំណាក់មិនទទួលខុសត្រូវ

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់រួមជាមួយនារី២នាក់ទៀតបាននាំគ្នាទៅដេកផ្ទះសំណាក់យីហោត្រពាំងថ្លឹង មនោរម្យ ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃអាទិត្យ ថ្ងៃ១៥រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ពស២៥៦១ ត្រូវថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ ដោយផ្ញើម៉ូតូខាងក្រោម លុះព្រឹកឡើងចុះមកវិញ ស្រាប់តែបាត់ម៉ូតូបង្កការភ្ញាក់ផ្អើល តែម្ចាស់ផ្ទះសំណាក់មិនទទួលខុសត្រូវ ទើបនាំគ្នាធ្វើដំណើរទៅកាន់ប៉ុស្ដិ៍ចោមចៅ២ កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃអង្គារ ២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ ដើម្បីដាក់ពាក្យបណ្ដឹងសុំឲ្យនគរបាល ជួយអន្តរាគមន៍។

ម៉ូតូដែលបាត់នោះ ម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ស លាយលឿង សេរី២០១៣ ពាក់ស្លាក លេខ ភ្នំពេញ 1CB-9620 ជាកម្មសិទ្ធិរបស់យុវជនម្នាក់ឈ្មោះ ប៉ែន វិបុល អាយុ២២ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅក្នុងភូមិតាហ៊រ ឃុំថ្កូវ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដោយឡែកនារី២នាក់ទៀត ដែលអះអាងថាជាម្ចាស់ម៉ូតូមិនត្រូវបានស្គាល់ឈ្មោះទេ។

ចំណែកម្ចាស់ផ្ទះសំណាក់មិនត្រូវបានស្គាល់ឈ្មោះទេ ប៉ុន្តែសន្តិសុខយាមនៅទីនោះឈ្មោះ ខុប វុទ្ធា អាយុ២៨ឆ្នាំ មានស្រុកកំណើត នៅក្នុងភូមិពុកឫស្សីក្រោម ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ សន្តិសុខរូបនេះ ត្រូវបាននគរបាលហៅទៅសាកសួរនិងដោះស្រាយគ្នាជាមួយម្ចាស់ម៉ូតូផងដែរ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពីវេលាយប់ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ នារី២នាក់ដែលអះអាងថា ជាម្ចាស់ម៉ូតូបានចូលទៅ ដេកនៅផ្ទះសំណាក់ យីហោ 《ត្រពាំងថ្លឹងមនោរម្យ》នោះ លុះដល់វេលាម៉ោងជាង២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ទើបយុវជនម្នាក់បានជិះម៉ូតចូលទៅកាន់ផ្ទះសំណាក់នោះ។ ពេលទៅដល់បានប្រាប់សន្តិសុខថា សុំជួបចែខ្ញុំ២នាក់ ដែលដេកនៅខាងក្នុង ពេលនោះសន្តិសុខបានអនុញ្ញាតឲ្យចូលហើយយុវជននោះបានផ្ញើម៉ូតូសន្តិសុខត្រឹមត្រូវថែមទៀតផង រួចទើបចូលទៅដេករហូតដល់ព្រឹកឡើងទើបចេញមកវិញ ស្រាប់តែបាត់ម៉ូតូ ទើបមានការភ្ញាក់ផ្អើលហើយមិនបានប្ដឹងនគរបាល ភ្លាមៗនោះទេ ដោយបានសម្របសម្រួលគ្នា ប៉ុន្តែដោយសារតែខាងម្ចាស់ផ្ទះសំណាក់ និងសន្តិសុខមិនព្រមទទួលខុសត្រូវទើប ២ថ្ងៃក្រោយគឺនៅថ្ងៃទី១៩ ខែធ្នូ ម្ចាស់ម៉ូតូបានទៅដាក់ពាក្យបណ្ដឹងឲ្យនគរបាលជួយអន្តរាគមន៍ ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងសម្របសម្រួលភាគីទាំងសៃងខាង៕ សុខាសែនជ័យ


ចែករំលែក៖