នៅសល់តែជាង១០ថ្ងៃទៀតប៉ុណ្ណោះឆ្នាំ២០១៧នឹងឆ្លងផុត ឈានចូលដល់ ឆ្នាំ២០១៨។ ពលរដ្ឋនៅជុំវិញពិភពលោក សង្ឃឹមថា នៅឆ្នាំ២០១៨ នឹងមិនមានការ វាយប្រហារកើតឡើង សម្លាប់មនុស្សច្រើនដូចនៅឆ្នាំ២០១៧នោះឡើយ ។ ខាងក្រោមនេះជាការវាយប្រហារភេរវកម្ម សម្លាប់ មនុស្សគ្មានកំហុសជាច្រើន នៅលើពិភព លោកក្នុងឆ្នាំ២០១៧។
វាយប្រហារភេរវកម្មនៅទួរគីៈ
នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ ខ្មាន់ កាំភ្លើងជនជាតិ អ៊ូសបេគីស្ថាន មានទំនាក់ ទំនងជាមួយក្រុមភេរវកម្ម IS បានបាញ់ ប្រហារសម្លាប់អ្នកទេសចរ៣៩នាក់ ក្នុងនោះមានជនជាតិទួរគី១១នាក់និងអ្នកទេសចរបរទេស២៧នាក់ នៅក្នុងក្លិបរាត្រី Reina ក្នុងទីក្រុង Istanbul ប្រទេសទួរគី ។ ក្រៅពីអ្នកស្លាប់នៅមានមនុស្ស ៦៩នាក់ ផ្សេងទៀតរងរបួស។
វាយប្រហារគ្រាប់បែកនៅអង់គ្លេសៈ
នៅយប់ថ្ងៃទី២២ ខែឧសភា គ្រាប់បែកពីរគ្រាប់បានផ្ទុះនៅក្នុងពិធីប្រគំតន្ត្រី ដោយ មានការចូលរួមពីតារាចម្រៀង Arian Grande ក្នុងទីក្រុង មេនឆេស្ទ័រ ប្រទេស អង់គ្លេស ។ ការវាយប្រហារខាងលើគឺជាប្រវត្តិសាស្ត្រនៅក្នុងប្រទេសនេះ ដោយ មានអ្នកស្លាប់រហូតដល់ទៅ២២នាក់ និងជាង៥០នាក់រងរបួស ។ក្រុមភេវកម្ម IS ចេញមុខទទួលស្គាល់ថាជាសកម្មភាព វាយប្រហាររបស់ខ្លួន។
វាយប្រហារ៣លើកផ្ទួនគ្នានៅអង់គ្លេសៈ
ក្រោយការវាយប្រហារ គ្រាប់បែកខាង លើ ប្រមាណជាងកន្លះខែ នៅថ្ងៃទី៣ ខែ មិថុនាប្រទេស អង់គ្លេស ប្រឈមនឹងការ វាយប្រហារជាទ្រង់ទ្រាយធំ ៣លើកផ្សេង គ្នា បណ្តាលឲ្យមនុស្ស ៨នាក់ស្លាប់និងជាង ៥០នាក់រងរបួស។ ក្រោយមកបន្តិច នៅ វេលាម៉ោង២២និង១៥នាទីរថយន្តដឹកទំនិញមួយគ្រឿងបានបើកបុកអ្នកធ្វើដំណើរនៅលើស្ពាន ក្នុងទីក្រុងឡុង។ ក្នុងពេលជា មួយគ្នានោះ ក្រុមភេរវកម្មបានប្រើកាំបិត វាយប្រហារមនុស្សនៅមុខផ្សារ Borough និងការវាយប្រហារទី៣ស្ថិតនៅក្នុងស្រុក Vauzhall ក្នុងពេលព្រមគ្នា មានចម្ងាយពី ស្ពានទីក្រុងឡុង ៣គីឡូម៉ែត្រ។
បាញ់ប្រហារជាប្រវត្តិសាស្ត្រនៅអាមេរិកៈ
នៅវេលាម៉ោង២២និង ៣០នាទីថ្ងៃទី១ខែតុលា(ម៉ោងក្នុងតំបន់)មានករណីបាញ់ ប្រហារដ៏រន្ធត់បំផុត មិនធ្លាប់មាននៅលើ ទឹកដីអាមេរិក ក្នុងពិធីប្រគំតន្ត្រីក្នុងទីក្រុង ឡាសវីហ្គាស។ជនដៃដល់ឈ្មោះ Stephen Craig Paddock អាយុ៦៤ឆ្នាំ ដោយបាញ់ ប្រហារពីលើអគារកម្ពស់ ៣២ជាន់ សម្លាប់ មនុស្ស ៥៩នាក់ និងជាង ៥០០នាក់រង របួស ។ ការបាញ់ប្រហារនោះក្លាយជាប្រវត្តិសាស្ត្រនៃការបាញ់ប្រហារសម្លាប់មនុស្សច្រើនបំផុតនៅអាមេរិក បង្កឡើងដោយ មនុស្សតែម្នាក់គត់។
សម្លាប់មនុស្សបំផ្លាញសាកសពនៅ ជប៉ុនៈ
នៅខែតុលា កន្លងមក នៅទូទាំងប្រទេស ជប៉ុន ដែលជាប្រទេសមានភាពល្បីល្បាញ ជាមួយនឹងបទល្មើសតិចជាងគេបំផុតលើពិភពលោក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះឃាតកម្មសម្លាប់មនុស្សបំផ្លាញសាកសព។ ជនដៃដល់ឈ្មោះ Takahiro Shiraishi អាយុ២៧ឆ្នាំ បានសារភាពថា បាន សម្លាប់មនុស្ស ៩នាក់ ក្នុងនោះមានស្ត្រី៨នាក់និងបុរសម្នាក់ ក្នុងអំឡុងពេលពីថ្ងៃទី២២ខែសីហាដល់ថ្ងៃទី៣០ខែតុលា។ ជន ដៃដល់បានសារភាពថា បានស្គាល់ជនរងគ្រោះតាមរយៈបណ្តាញសង្គម Twitter ក្រោយមកក៏លួងលោមទៅផ្ទះរបស់ខ្លួននៅទីក្រុង Zama ខេត្ត កាណាហ្គាវ៉ា ។នៅក្នុងផ្ទះជនដៃដល់ប៉ូលិសរកឃើញក្បាល មនុស្សដែលកាត់ដាច់ដោយឡែក ចំណែកសរីរាង្គផ្សេងទៀត បានវេចខ្ចប់ ដាក់នៅក្នុងធុងត្រជាក់ រួមទាំងឆ្អឹង ២៤០ កំណាត់ផងដែរ។
វាយប្រហារដោយបើករថយន្តបុកនៅទីក្រុងញូវយ៉កៈ
នៅវេលាម៉ោង១៥ ថ្ងៃទី៣១ ខែតុលា នៅមជ្ឈមណ្ឌល Manhattan ទីក្រុងញូវ យ៉កអាមេរិកបុរសវ័យ ២៩ឆ្នាំម្នាក់ បាន បើករថយន្តបុកទៅលើរថយន្តដឹកសិស្ស បណ្តាលឲ្យមនុស្ស ៨នាក់ស្លាប់ និងជាង ១០នាក់រងរបួស ។ ក្រោយការបើកបុក ជនដៃដល់បានព្យាយាម រត់គេចខ្លួនដោយប្រើកាំភ្លើងក្លែងក្លាយពីរដើម គំរាម។ ប៉ុន្តេត្រូវបានកម្លាំងប៉ូលិសបាញ់ឲ្យរបួសធ្ងន់ មុនពេលចាប់ខ្លួន។
បាញ់ប្រហារនៅព្រះវិហារអាមេរិកៈ
នៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី៥ខែវិច្ឆិកាមានករណីបាញ់ប្រហារយ៉ាងរន្ធត់នៅព្រះវិហារ Baptist ស្ថិតនៅតំបន់ Sut herland Springs រដ្ឋតិចសាស់ អាមេរិក។ ការបាញ់ប្រហារនោះបានសម្លាប់មនុស្ស ២៦នាក់ និងជាង២០នាក់ទៀតរងរបួសក្នុង នោះមានទាំងស្ត្រីមានផ្ទៃពោះ និងកុមារ ផងដែរ។ ហេតុការណ៍ខាងលើ បានបញ្ចប់ ក្រោយពេលដែល បុរសម្នាក់បាញ់ចំខ្នង ជនដៃដល់ពេលដើរចេញពីព្រះវិហារ ។ ទោះបីរងរបួស ជនដៃដល់បានព្យាយាម រត់គេចខ្លួនតាមរថយន្ត តែរថយន្តក៏បុក ទៅនឹង វត្ថុតាមដងផ្លូវមិនអាចបន្តដំណើរទៅមុខបានឡើយ។ក្រោយមកប៉ូលិសក៏បានរកឃើញស្លាប់នៅក្នុងរថយន្ត។
ស្លាប់៣០៥នាក់ នៅក្នុងការបាញ់ ប្រហារនៅអេហ្សុីបៈ
កាលពីថ្ងៃទី២៤ខែវិច្ឆិកា នៅព្រះវិហារអ៊ិស្លាមមួយក្នុងប្រទេសអេហ្សុីប ខ្មាន់កាំភ្លើងប្រមាណ៣០នាក់បានពាក់របាំងមុខ កាន់ទង់ជាតិក្រុម IS បើកការបាញ់ប្រហារ សម្លាប់មនុស្ស ៣០៥នាក់និង១២៨នាក់ រងរបួស ក្នុងរយៈពេល ២០នាទី ។ ក្រុមភេរវកម្មបានបិទផ្លូវចេញចូលនៅព្រះវិហារ និងដុតបំផ្លាញរថយន្តជាច្រើនគ្រឿង មុន ពេលបំផ្ទុះគ្រាប់បែកនិង បាញ់ប្រហារទៅលើសាសនិកកំពុងតែធ្វើពិធីបន់ស្រន់ ។ ការបាញ់ប្រហារខាងលើគឺបានឡើង គម្រោងជាយូរណាស់មកហើយ ។នេះ ជាការបាញ់ប្រហារ សម្លាប់មនុស្សច្រើន បំផុតក្នុងប្រវត្តិសាស្ត្រអេហ្ស៊ីប ។
វាយប្រហារគ្រាប់បែកអត្តឃាតនៅប៉ាគីស្ថានស្លាប់និងរបួស៦៥នាក់ៈ
នៅថ្ងៃទី១៧ខែធ្នូជនវាយប្រហារគ្រាប់បែកអត្តឃាតពីរនាក់មកពីក្រុម IS បានបើកការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាត់នៅព្រះវិហារគ្រឹស្តសាសនានៅខេត្ត Balochistan ភាគខាងត្បូងប្រទេសប៉ាគីស្ថាន ។ ការវាយប្រហារនេះបានសម្លាប់មនុស្ស ៩ នាក់និង ៥៦នាក់រងរបួស។ នៅពេលវាយ ប្រហារនៅក្នុងព្រះវិហារ មានមនុស្សចូល រួមពិធីបួងសួងដល់ទៅ៤០០នាក់។ ប៉ុន្តែជាភព្វសំណាងជនវាយប្រហារគ្រាប់បែកអត្តឃាត បំផ្ទុះបានតែម្នាក់ប៉ុណ្ណោះ នៅ ម្នាក់ទៀត ត្រៀមបំផ្ទុះ ក៏ត្រូវសន្តិសុខបាញ់សម្លាប់ទាន់ពេល។
នៅឆ្នាំ២០១៨ខាងមុខការវាយប្រហារភេរវកម្ម អាចនឹងកើតឡើងៈដោយសារតែពេលនេះក្រុមភេរវកម្ម នៅក្នុងប្រទេសអីុរ៉ាក់និងស៊ីរីត្រូវបាត់បង់ ទីតាំងរបស់ខ្លួនក្រុម ភេរវកម្ម អាចនឹងបង្កើនការវាយប្រហារនៅគ្រប់ទិសទីជុំវិញពិភពលោក៕ ម៉ែវ សាធី