ភ្នំពេញ៖ ស្រ្តីចំណាស់ម្នាក់រួមជាមួយ កូនស្រី និងក្មួយៗបានធ្វើដំណើរមកកាន់ អធិការដ្ឋាននគរបាលខណ្ឌមានជ័យរួច បានបន្តដំណើរទៅប្ដឹងនគរបាលព្រហ្ម ទណ្ឌក្រសួងមហាផ្ទៃ។ បន្ទាប់ពីកូនស្រី របស់គាត់ត្រូវស្រ្តីម្នាក់ទៀតល្បួងនាំមក ទិញខោអាវនៅភ្នំពេញរួចក៏បានបាត់ខ្លួន រយៈពេលជិត១សប្តាហ៍ទៅហើយ។ ដោយ មិនឃើញនាងត្រឡប់ទៅផ្ទះវិញសោះ ដែលជាហេតុធ្វើឲ្យគាត់ និងក្រុមគ្រួសារ ទាំងមូលព្រួយបារម្ភខ្លាំងណាស់។
ស្រ្តី តៅ មែ អាយុ៥៣ឆ្នាំ ប្ដីឈ្មោះព្រាប ងន អាយុ៥០ឆ្នាំ មានទីលំនៅក្នុងភូមិតាំង ឫស្សី ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ បាន រៀបរាប់ទាំងទឹកភ្នែកថា កូនស្រីរបស់គាត់ ឈ្មោះ ង៉ែត ចាន់ធឿង អាយុ១៨ឆ្នាំ ជាកូន ទី៣ក្នុងចំណោមកូនគាត់៥នាក់។ ចំណែក ស្រ្តីដែលជាអ្នកល្បួងនាំមកភ្នំពេញឈ្មោះ សុង លីដា អាយុជាង២០ឆ្នាំ មានប្ដី និង កូនមានទីលំនៅក្នុងភូមិស្វាយខម ឃុំដូង ស្រុកបាទី ខេត្តតាកែវ។
ស្រ្តីរូបនេះបានបន្តទៀតថា កូនស្រីគាត់ បានបាត់ខ្លួនតាំងពីវេលាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧មកម្លេ៉ះ ដោយស្រ្តីឈ្មោះ សុង លីដា បានល្បួងនាំទៅភ្នំពេញថា ទៅ រកទិញខោអាវ។ ពេលនោះកូនស្រីគាត់ បានបដិសេធថា អត់ទៅទេ ព្រោះអត់លុយ ប៉ុន្តែស្រ្តីនោះប្រាប់ថា អត់លុយក៏ទៅបាន ដែរចាំខ្លួនទិញឲ្យ ទើបកូនស្រីគាត់យល់ព្រម ទៅជាមួយ។
ស្រ្តីជាម្ដាយបានបន្តរៀបរាប់ទៀតថា បន្ទាប់មកក៏មានស្ត្រីមិនស្គាល់អត្តសញ្ញាណ ម្នាក់ទៀត ដែលជាមិត្តភក្ដិរបស់ឈ្មោះ សុង លីដា រស់នៅខេត្តកំពតក៏ទៅជាមួយដែរ។ នាង សុង លីដា បានយកម៉ូតូរបស់ខ្លួន១ គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FX-6476 ជិះ ដឹកកូនស្រីគាត់ និងមិត្តភក្ដិរបស់គេមក ភ្នំពេញ ហើយក៏បាត់រហូត។
លុះដល់វេលាល្ងាចថ្ងៃដដែល ដោយ មិនឃើញត្រឡប់ទៅផ្ទះវិញ គាត់ក៏ទូរស័ព្ទ ទៅកូនស្រី ហើយនាង សុង លីដា ប្រាប់ថា អត់បានទៅផ្ទះទេ ព្រោះជាប់រវល់ចូលរួម កម្មវិធីខួបកំណើតមិត្តភក្ដិ ហើយត្រូវដេក នៅភ្នំពេញ១យប់។ លុះដល់ថ្ងៃបន្ទាប់គាត់ ទូរស័ព្ទរកកូនស្រីទៀត ស្រាប់តែទូរស័ព្ទ លែងចូលរហូតមកដល់ពេលនេះតែម្ដង ដោយមិនដឹងថា កូនស្រីគាត់មានបញ្ហាអ្វី ឡើយ។ គាត់ពិតជាបារម្ភខ្លាំងណាស់ទើប រត់រកនគរបាលឲ្យជួយ ហើយមុននឹងមក ដល់ភ្នំពេញគាត់បានដាក់ពាក្យប្ដឹងនៅប៉ុស្តិ៍ នគរបាលពត់សរ និងនគរបាលស្រុកបាទី រួចហើយដែរ។
នារីរងគ្រោះត្រូវភ្ជាប់ពាក្យជាមួយគូ ដណ្តឹងនៅថ្ងៃអាទិត្យ ៧កើត ខែបុស្ស ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០១៧ខាងមុខនេះផងដែរ៕ ហេង នរិន្ទ្រ