ភ្នំពេញ ៖ បុរស២នាក់ជិះម៉ូតូក្នុងល្បឿនលឿនព្យាយាមជែងរថយន្តមួយគ្រឿងមិនផុត ក៏ជ្រុលបុករថយន្តកុងតឺន័រមួយគ្រឿងទៀតពេញទំហឹងបណ្ដាលឲ្យម្នាក់រងរបួសបាក់ជើងស្ដាំ ចំណែកម្នាក់ទៀតរងរបួសស្រាល ។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង៧និង៤៥នាទីយប់ ថ្ងៃអង្គារ ២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ នៅមុខបុរីញ៉ូថោន លើកំណាត់ផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់ចោមចៅ ៣ ខណ្ឌពោធិ៍សែនជ័យ។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញយុវជនទាំង២នាក់ បានជិះម៉ូតូម៉ាក nex ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CP-6550 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ក៏បានព្យាយាមជែងរថយន្តមួយគ្រឿងតែមិនផុត ស្រាប់តែជ្រុលបុករថយន្តកុងតឺន័មួយគ្រឿងទៀតដែលធ្វើដំណើរពីលិចទៅកើត ក្នុងទិសដៅបញ្ច្រាសទិសគ្នាពេញទំហឹងតែម្ដងបណ្តាលឲ្យរងរបួសធ្ងន់ស្រាល បន្ទាប់មករថយន្តក៏បានបន្ថែមល្បឿនរត់បាត់ស្រមោល។
ភ្លាមៗនោះផងដែរ ស្រាប់តែមានជនឆ្លៀតឱកាសបានបន្លំយកទូរស័ព្ទដៃជនរងគ្រោះបាត់មួយគ្រឿងគេចខ្លួនបាត់។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋានគរបាលខណ្ឌពោធិ៍សែនជ័យរង់ចាំបងប្អូនយកឯកសារមកពិនិត្យនិងប្រគល់ឲ្យទៅវិញ៕ សុខាសែនជ័យ