ខេត្តកំពង់ឆ្នាំង៖ កាលពីថ្ងៃអង្គារ ២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ នៅក្នុងចំណុច ភូមិទ័ពបោះ ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មានករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយខ្លួនឯង រថយន្តបើកបរក្នុងល្បឿនលឿន រេចង្កូតធ្លាក់ផ្លូវបណ្តាលឲ្យក្រឡាប់ ស្លាប់មនុស្សម្នាក់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរបួសធ្ងន់ ។
សមត្ថកិច្ចបញ្ជាក់ប្រាប់ថា ជនរងគ្រោះមានឈ្មោះ សួន ថន ភេទស្រី អាយុ៦៨ឆ្នាំ រស់នៅ ភូមិធ្លករលើង ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ស្លាប់ និងរងរបួសម្នាក់ឈ្មោះ ឌួង ផង់ ភេទស្រីអាយុ40ឆ្នាំ រស់នៅភូមិឃុំជមួយគ្នា ។
រថយន្តបង្កម៉ាក សុីណា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AK:7405 បើកបរ ដោយឈ្មោះ សុី ផាត ភេទប្រុសអាយុ៥៣ឆ្នាំ រស់នៅភូមិធ្លករលើង ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ(អ្នកបើកបររត់គេចខ្លួនបាត់)។
មូលហេតុបណ្តាលមកពីតៃកុងរថយន្តបើកបរក្នុងល្បឿនលឿនជ្រុលពេក ជាន់ហ្វ្រាំងបង្ខំ បណ្តាលឲ្យក្រឡាប់ដោយខ្លួនឯង ។
បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីជួយសង្គ្រោះ ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី ៕ ចន្ថា