ព័ត៌មានទាន់ហេតុការណ៍៖

មាស សុខសោភា ហ៊ានបណ្តើរគូស្នេហ៍បើកចំហតែមិននិយាយរឿងរៀបការ

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងលំដាប់ជួរមុខ មាស សុខសោភា បានចាច់ផ្តើមបណ្តើរគូស្នេហ៍ដោយបើកចំហរ ក្រោយអ្នកក្នុងសិល្បៈរួមជំនាន់ជាច្រើនបន្តបន្ទាប់សម្រេចចិត្តចូលរោងការ។ ទោះជាយ៉ាងណាតារាស្រីរូបនេះនៅតែមិនទាន់កំណត់ថ្ងៃជាក់លាក់ដើម្បីចូលរោងការនៅឡើយ។

ឆ្នាំនេះមានសិល្បកររូមជំនាន់មាស សុខ សោភា ជាច្រើនបានសម្រេចចិត្តចូលរោងការដូចជាលោក ឆាយ វីរៈយុទ្ធ អ្នកនាង សុគន្ធ និសា គ្រាដែលតារាចម្រៀងលំដាប់ជួរមុខ សុខ ពិសី និងឱក សុគន្ធកញ្ញា ក៏មានគូស្នេហ៍រៀងៗខ្លួនដែរ។ ទោះជាយ៉ាងណានិន្នាការនៃការគិតថាមានគូស្នេហ៍នាំឲ្យប្រជាប្រិយភាពរបស់ពួកគេបាក់ស្រុតនោះត្រូវបានកាត់បន្ថយផងដែរ។ អស់រយៈពេល១០ឆ្នាំហើយដែលមាស សុខសោភា និងគូស្នេហ៍បានភ្ជាប់ទំនាក់ទំនងគ្នាដោយមិនទាន់បានឆ្លងកាត់ការរៀបការ។ ទោះជាយ៉ាងណាពួកគេបានបន្តរក្សាចំណងស្នេហ៍ផ្អែមល្ហែម ហើយបើទោះបីជាគូស្នេហ៍លោក អ៊ិត រ៉ាដា ដែលជាអាណិកជនខ្មែររស់នៅប្រទេសកាណាដាចង់រៀបការក្តីក៏ មាស សុខសោភា នៅមិនទាន់សម្រេចចិត្តនៅឡើយព្រោះតែបារម្ភខ្លាចធ្លាក់ប្រជាប្រិយភាព។

ក្នុងជំនួបខ្លីមួយកន្លងទៅ មាស សុខសោភាស្នើមិនបញ្ជាក់ជុំវិញរឿងរ៉ាវស្នេហា ដោយនាងគ្រាន់តែវាចាដោយខ្លីថា រឿងរៀបការពិតជាចង់ ប៉ុន្តែមិនមែនពេលនេះគឺរងចាំពី២ទៅ៣ឆ្នាំខាងមុខទៀត។ ទោះជាយ៉ាងណានាងបានផ្លាស់ប្តូរពីចំណងស្នេហ៍លាក់លៀមមកជាលក្ខណៈបើកចំហរវិញព្រោះតែនាងបានផ្តល់ឱកាសបណ្តើរគូស្នេហ៍យ៉ាងពេញមុខពេញមាត់។ តាមរយៈសកម្មភាព និងទឹកមុខលោក អ៊ិត រ៉ាដា គឺសប្បាយចិត្តខ្លាំងនឹងការបង្ហាញវត្តមានជាមួយមាស សុខសោភា ដោយឥតលាក់លៀមដូចមុន ប៉ុន្តែពួកគេបានប្រយ័ត្នប្រយែងក្នុងការឈរកៀកកិតជិតគ្នាឲ្យអ្នកសារព័ត៌មានផ្តិតយករួបភាពនោះដែរ៕ វឌ្ឍនា


ចែករំលែក៖