ព័ត៌មានទាន់ហេតុការណ៍៖

បុគ្គលិកក្រុមហ៊ុនខេមធីមបោកលុយក្រុមហ៊ុនអស់ចំនួន៥៣៩៣ដុល្លារគេចខ្លួនបាន៩ខែ ត្រូវម្ចាស់ក្រុមហ៊ុនចាប់ប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ ៖ នៅ ថ្ងៃព្រហស្បតិ៍ ៤កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០១៧ វេលាម៉ោងប្រហែល ១៥និង៥០នាទី កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី៣ នៃអធិការដ្ឋាន នគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យ០១នាក់ពីបទ រំលោភ លើទំនុកចិត្ត (យកលុយក្រុម ហ៊ុនចំនួន៥៣៩៣$ ) ( ជនរងគ្រោះឃាត់ ប្រគល់ឲ្យសមត្ថកិច្ចយើង ) ឃាត់នៅចំណុច ក្រុមហ៊ុនខេមធីម ដែល មានទីតាំងផ្ទះលេខ៣៨C ផ្លូវលេខ២៥៧ ក្រុម ទី១៧ ភូមិ៧ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ប្រព្រឹត្តកាលពីកំឡុង ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចក្រុមហ៊ុន ខេមធីម ដែល មានទីតាំងផ្ទះលេខ៣៨C ផ្លូវ២៥៧ ក្រុមទី១៧ ភូមិ៧ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ យ៉ា រិទ្ធី ហៅ រិទ្ធ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកផ្នែកលក់ក្រុមហ៊ុនខេមធីមត្រេឌីង ស្នាក់នៅផ្ទះជួលលេខ៨A ផ្លូវលេខ២៦១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ មានស្រុកកំណើត ភូមិ ចំការសំរោង ឃុំចំការសំរោង ស្រុកបាត់ដំបង ខេត្តបាត់ដំបង ។

ជនរងគ្រោះឈ្មោះ តឹង ភួង ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក តំណាងក្រុមហ៊ុនខេមធីមត្រេឌីង ស្នាក់នៅផ្ទះលេខ១៦Eo ផ្លូវលេខ២៥៧ ក្រុមទី១៣ ភូមិ៤ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។សំភារ:បាត់បង់មាន៖ វិក័យប័ត្រសរុបចំនួន២៦ សន្លឹក សរុបជាទឹកប្រាក់ ចំនួន៥៣៩៣$ ( ប្រាំពាន់បីរយកៅសិបបីដុល្លារសហរដ្ឋអាមេរិក ) ។

យោងតាមប្រភពព័ត៌មានពីមន្រ្តីនគរបាលខណ្ឌទួលគោក បានឲ្យដឹងថា កាលពីកំឡុង ខែមិថុនា ឆ្នាំ២០១៧ ជនសង្ស័យឈ្មោះ យ៉ា រិទ្ធី ហៅ រិទ្ធី បានចូលមកបំរើការងារជាបុគ្គលិកផ្នែកលក់ ក្រុមហ៊ុនខេមធីមត្រេឌី ហើយមានតួនាទីជាអ្នកប្រមូលលុយដែលខ្លួនលក់ផលិតផលបានយកមកប្រគល់ឲ្យក្រុមហ៊ុនវិញ លុះរហូតមកដល់កំឡុងខែតុលា ឆ្នាំ២០១៧ ខាងក្រុមហ៊ុនខេមធីមត្រេឌីង បានចាត់បុគ្គលិកឲ្យស៊ើបឈ្មោះ យ៉ា រិទ្ធី ពីព្រោះមិនបានយក លុយមកទូទាត់ឲ្យខាងក្រុមហ៊ុនវិញ ដែលមានទឹកប្រាក់សរុបចំនួន៥៣៩៣$ ( ប្រាំពាន់បីរយកៅសិបបីដុល្លារសហរដ្ឋអាមេរិក ) ហើយគេចវេស ពីក្រុមហ៊ុន រហូតមកដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោងប្រហែល ១៥:៥០នាទី ខាងក្រុមហ៊ុនដែលមានតំណាងឈ្មោះ តឹក ភួង ក៏ឃាត់ខ្លួនជនសង្ស័យឈ្មោះ យ៉ា រិទ្ធី នៅចំណុចក្រុមហ៊ុន យកមកប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលប៉ុស្តិ៍ទឹកល្អក់ទី៣ ចាត់ការតាមផ្លូវច្បាប់តែម្ដង ។

បច្ចុប្បន្នជនសង្ស័យឈ្មោះ យ៉ា រិទ្ធី កំពុងឃាត់ខ្លួនជាបណ្ដោះ អាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូង រាជធានី ភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕ ស តារា


ចែករំលែក៖