ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យចាក់សម្លាប់សង្សារបុគ្គលិក​ KTV ដឹឃ្វីន​ ត្រូវបញ្ជូនទៅតុលាការ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីចាក់សម្លាប់សង្សារជាបុគ្គលិក​ KTVដឹឃ្វីន​ នៅព្រឹកថ្ងៃសុក្រ ៥កើត ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ គ.ស២០១៧​ ត្រូវបាននគរបាលខណ្ឌសែនសុខ​ បញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​ ដើម្បីចាត់ការតាមច្បាប់។

សមត្ថកិច្ច​ បញ្ជាក់ថា​ ជនសង្ស័យ ឈ្មោះ ស៊ុយ មេសា ហៅលូ អាយុ២២ឆ្នាំ ជាអ្នកលក់អាវជជុះ ស្នាក់នៅភូមិត្រាំ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។​ជនរងគ្រោះឈ្មោះ សេន ស៊ីយ៉ា ភេទ ស្រី អាយុ១៦ឆ្នាំ ជាបុគ្គលិក KTV ដឹឃ្វីន ស្នាក់នៅផ្ទះជួល លេខ១០២ ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

សមត្ថកិច្ចបញ្ជាក់ទៀតថា ដោយមានកិច្ចសហការរវាងកម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នង ការដ្ឋាននគរបាលខេត្តតាកែវ និងកម្លាំងនគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧។

ជនសង្ស័យ សារភាពថា ពិតជាបានចាក់សម្លាប់ នារីរង គ្រោះជាសង្សារមែន​ ដោយនៅយប់កើតហេតុថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ ខ្លួននិងនារីរងគ្រោះបានដេកជាមួយគ្នា ។ពេលនោះនារីរងគ្រោះ បាននិយាយទូរស័ព្ទជាមួយ មនុស្ស ប្រុសផ្សេង ដោយប្រើពាក្យផ្អែមល្ហែមពេក។ ដោយសារតែមានចិត្តប្រច័ណ្ឌនាង ទើបមានការឈ្លោះប្រកែកគ្នាខ្លាំង និងឈានដល់ការចាក់សម្លាប់តែម្តង៕ចេស្តា


ចែករំលែក៖