ខេត្តកណ្ដាល៖ ជនសង្ស័យជាបុគ្គលិករបស់ក្រុមហ៊ុនKAPម្នាក់ត្រូវបានម្ចាស់ក្រុមហ៊ុនប្ដឹងសមត្ថកិច្ចចាប់ខ្លួន ក្រោយពីបានធ្វើសកម្មភាពបន្លំយកទុយយោរបស់ក្រុមហ៊ុនយកទៅលក់ជាញឹកញាប់ ។ ករណីចាប់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១៧និង១០នាទី ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ ភូមិទួលក្រសាំង ឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល ។
មន្រ្ដីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឡូត ភក្តី ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន មានទីលំនៅភូមិអណ្ដូង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល រីឯជនរងគ្រោះជាតំណាងក្រុមហ៊ុនឈ្មោះ រិទ្ធិ ចន្ទ័តារា ភេទប្រុស អាយុ២៨ឆ្នាំជនជាតិខ្មែរ មុខរបរ ប្រធានរដ្ឋបាលក្រុមហ៊ុនKAP មានទីលំនៅភូមិទួលក្រសាំង ឃុំរការខ្ពស់ ស្រុកស្អាង ។
ប្រភពដដែលបន្ដថា កន្លងមកក្រុមហ៊ុនតែងតែបាត់ទុយយោ និងសម្ភារផ្សេងៗជាញឹកញាប់ដោយពុំដឹងថាបាត់ដោយសារអ្វីនោះទេ ។ លុះមកដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ ម្ចាស់ក្រុមហ៊ុនធ្វើការស្រាវជ្រាវទើបដឹងថា ជនសង្ស័យឈ្មោះ ឡូត ភក្តី តែងតែបន្លំលួចទុយយោរបស់ក្រុមហ៊ុនយកទៅលក់ជាញឹកញាប់ ។ ក្រោយពីបានដឹងនិងកំណត់មុខសញ្ញាច្បាស់ ភាគីតំណាងខាងក្រុមហ៊ុនឈ្មោះ រិទ្ធិ ចន្ទ័តារា បានដាក់ពាក្យបណ្ដឹងមកប៉ុស្តិ៍នគរបាលរដ្ឋបាលរកាខ្ពស់ដើម្បីចាត់ការតាមច្បាប់ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីបានទទួលពាក្យបណ្ដឹងខាងភាគីរងគ្រោះរួច ភ្លាមនោះសមត្ថកិច្ចក៏ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ឡូត ភក្តី ដើម្បីធ្វើការសួរនាំ ។ ក្រោយពីធ្វើការសាកសួររួច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានលួចទុយយោរបស់ក្រុមហ៊ុនKAP យកទៅលក់ជាញឹកញាប់ពិតប្រាកដមែន ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ