ខេត្តកណ្ដាល៖ ជនសង្ស័យជាមុខសញ្ញាចោរឆក់កាបូប និងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្មម្នាក់ក្នុងចំណោមបក្ខពួក២នាក់ត្រូវបានសមត្ថកិច្ចនគរបាលក្រុងតាខ្មៅចាប់ខ្លួន ខណៈដែលជនសង្ស័យនិងបក្ខពួកធ្វើសកម្មភាពឆក់កាបួបពីស្រ្ដីម្នាក់កំពុងជិះម៉ូតូតាមដងផ្លូវតែពុំបានសម្រេច ។ ករណីខាងលើនេះបានកើតឡើងកាលពីវេលម៉ោង១៩និង១០នាទី ថ្ងៃព្រហស្បត៍ ទី២១ ខែធ្នូ ឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិលេខ២១អា ស្ថិតក្នុងភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
មន្រ្ដីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានមានឈ្មោះ រី ដារ៉ូ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរជាងដែក រីឯជនសង្ស័យម្នាក់ទៀតដែលរត់គេចខ្លួនឈ្មោះ ម៉ៅ រ៉ា ហៅញ៉ាញ់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស ។ ជនសង្ស័យទាំង២នាក់មានទីលំនៅភូមិដើមមៀន សង្កាត់់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ចំណែកជនរងគ្រោះឈ្មោះ យូ សុខគង់ ភេទស្រី អាយុ៣៨ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ដោយឡែកវត្ថុតាងដកហូតបានមាន៖ ថ្នាំញៀនចំនួន១កញ្ចប់ ,ម៉ូតូ១គ្រឿងម៉ាកSUZUKI Nex ពណ៌ស ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខភ្នំពេញ1FA-4701 ,ប័ណ្ណសំគាល់យានយន្តថតចំលង១សន្លឹក ,កាបូបដៃពណ៌ខ្មៅចំនួន១ ,លុយខ្មែរចំនួន៣រយរៀល ,ទូរស័ព្ទដៃ១គ្រឿង វត្ថុតាងខាងលើគឺជារបស់ជនរងគ្រោះ រីវត្ថុតាងកាបូបយួរដៃពណ៌ខ្មៅ ចំនួន១ជារបស់ជនរងគ្រោះ ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ ស្រ្ដីរងគ្រោះបានជិះម៉ូតូជាមួយប្ដីរបស់ខ្លួនដើម្បីទៅចូលរួមក្នុងពិធីអាពាហ៍ពិពាហ៍នៅម្តុំវត្តតាខ្មៅ ខណៈជិះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យទាំង២នាក់ ឈ្មោះ រី ដារ៉ូ និងឈ្មោះ ម៉ៅ រ៉ា បានជិះម៉ូតូឌុបតាមកពីក្រោយ រួចបានធ្វើសកម្មភាពឆក់កាបូបពីដៃស្រ្ដីរងគ្រោះ ប៉ុន្តែខណៈដែលធ្វើសកម្មភាពឆក់នោះក៏បានសម្រេចនោះទេ ដោយភ្លាត់ស្នៀតដៃចង្កូតម៉ូតូជនសង្ស័យទាក់ជាមួយនិងដៃចង្កូតរបស់ស្រ្ដីរងគ្រោះ បណ្ដាលឲ្យដួលបោកទៅនឹងផ្លូវធ្វើឲ្យជនរងគ្រោះបានស្រែកថាចោរៗ ក៏បង្កឲ្យមានការភ្ញាក់ផ្អើលដល់ពលរដ្ឋដែលនៅក្បែរនិងធ្វើដំណើរបាននាំគ្នាជួយអន្ដរាគមន៍ចាប់ជនសង្ស័យបានម្នាក់ឈ្មោះ រី ដារ៉ូ បញ្ជូនឲ្យសមត្ថកិច្ច រីឯជនសង្ស័យម្នាក់ទៀតឈ្មោះ ម៉ៅ រ៉ា បានរត់គេចខ្លួន ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីបានទទួលព័ត៌មានថាមានករណីរឿងហេតុខាងលើ ភ្លាមនោះសមត្ថកិច្ចក៏ចុះដល់កន្លែងកើតហេតុ រួចនាំខ្លួនជនសង្ស័យនិងវត្ថុតាងខាងលើ យកមកអធិការដ្ឋាននគរបាលក្រុងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួននិងបក្ខពួកពិតជាបានប្រព្រឹត្ដធ្វើសកម្មភាពដូចខាងលើប្រាកដមែន រីឯគ្រឿងញៀនវិញខ្លួនបានប្រើប្រាស់រយៈពេល៦ខែមកហើយ ៕ ស្អាងជ័យ