ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកអង្គស្នួលអនុវត្ដដីកាបង្គាប់ឲ្យចាប់ខ្លួនជនសង្ស័យម្នាក់ករណីថ្នាំញៀន

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចស្រុកអង្គស្នួលចាប់ខ្លួនដោយអនុវត្ដដីកាបង្គប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្ដ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។ ករណីចាប់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃព្រហស្បតិ៍ ៤កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០១៧ ត្រង់ចំណុចផ្លូវលំស្ថិតក្នុងភូមិក្រាំងក្រូច ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

មន្រ្ដីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនត្រូវចោទចាប់ខ្លួនបានមានឈ្មោះ ។ ឈ្មោះ ខុម សុខៃ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រៃទទឹង ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ជននេះមានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៦៦៦ដកបចខ ចុះថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧ ចុះហត្ថលេខាដោយលោក ពេជ ម៉ារ៉ែន ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាល ។ ចោទប្រកាន់ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដែលប្រព្រឹត្តនៅភូមិព្រែករាំង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ ២០១៧ ។

ប្រភពដែលបន្ដថា ជនសង្ស័យខាងលើគឺជាមុខញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្ម ក្រោយពីជនសង្ស័យបានធ្វើសមកម្មភាពរួច បានគេចខ្លួនចេញពីលំនៅដ្ឋានអស់រយៈពេលជាច្រើនខែ ដោយពុំដឹងថា ទៅរស់នៅឯខេត្ដណានោះទេ ទើបចៅក្រមសម្រេចចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចជំនាញស្រាវជ្រាវស្វែងរកជនត្រូវចោទខាងយកមកដាក់ពន្ធនាគារបណ្ដោះអាសន្នដើម្បីរងចាំកាត់ទោស ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីបានទទួលដីកាបង្គាប់ឲ្យចាប់ខ្លួនរួចមក សមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវបានទទួលព័ត៌មានច្បាស់ថា ជនត្រូវចោទខាងលើបានត្រឡប់មកលំនៅដ្ឋានរបស់ខ្លួនវិញ ភ្លាមនោះក៏បានសហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលទទួលព្រេជ ចុះធ្វើការបង្រ្កាបចាប់ខ្លួនជនត្រូវចោទខាងលើយកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖