ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមួយគ្រឿងបុកអ្នកបណ្តើរម៉ូតូបណ្តាល​ឲ្យ​ស្លាប់​ម្នាក់នៅនឹងកន្លែង ២នាក់​ទៀតបាន​រត់គេច​ទាន់

ចែករំលែក៖

ភ្នំពេញ ៖បុរសម្នាក់បានស្លាប់នៅនឹងកន្លែង និង២នាក់ទៀតបានរត់គេចខ្លួនទាន់ ខណៈ រថយន្ត​លុ​ច្ស​ស៊ី​ស RX330 ១គ្រឿង បើក​ក្នុង​ល្បឿន​យ៉ាង​លឿន​ដូច​ហោះ ពេលបុរស ៣នាក់ ជិះ​ម៉ូតូ​តាមផ្លូវ ស្រាប់តែ​ម៉ូតូ​បែក​កង់ បុរស​ម្នាក់​ចុះបណ្ដើរ និង ២នាក់​ទៀត ដើរ​នៅ​ជិតគ្នា ភ្លាមនោះ ក៏ត្រូវ​មក​បុក​ពីក្រោយ​យ៉ាង​ពេញទំហឹង។

ហេតុការណ៍​ដ៏​រន្ធត់​នេះ បាន​កើតឡើង​កាលពី​ម៉ោង ៥និង៣០នាទី ព្រលឹម​ថ្ងៃសៅរ៍៦កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូូ ឆ្នាំ២០១៧នៅ​ចំណុច​មុខ​ក្រុមហ៊ុន គូ​បូ​តា ស្ថិត​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ៦ ស្ថិតនៅក្នុង​សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ។

សមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងថា បុរស​ដែល​ស្លាប់​ខាងលើ​មានឈ្មោះ រឿន ថេ​ន អាយុ ៥៤ឆ្នាំ មុខរបរ ធ្វើការ​សំណង់ ស្នាក់នៅ​ម្ដុំ​មូមិចំបក់​មាស ខណ្ឌ​ជ្រោយ​ច​ង្វា។

យោងទៅតាម​សម្តី​បុរស ២នាក់ ដែល​ជិះ​ម៉ូតូ​ជាមួយនឹង​បុរស​ដែលបាត់​បង់ជីវិត​ខាងលើបានឱ្យដឹងថា មុនពេល​កើតហេតុ​ពួកគាត់​បាន​ជិះ​ម៉ូតូ ១គ្រឿង ម៉ាក​ឌ្រី​ម​សេ១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FV-6887 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ៦ ក្នុងទិសដៅ​ពី​លិចទៅ​កើត ស្រាប់តែ​ម៉ូតូ​បែក​កង់ ហើយ​បុរស​ដែល​ស្លាប់​ខាងលើ ក៏​ចុះបណ្ដើរ​ម៉ូតូ ខណៈដែល​មកដល់​ចំណុចកើតហេតុ ក៏មាន​រថយន្ដ​ឡុ​ច​ស៊ី​ស RX330 ១គ្រឿង មិន​ចាំ​ស្លាក​លេខ បាន​ជិះ​ក្នុង​ល្បឿន​លឿន​ដូច​ហោះ​បើក​មក​បុក​ពីក្រោយ​​ពេញ​ទំហឹង បណ្តាលឲ្យបុរសរងគ្រោះ ខ្ទាតជាច្រើនម៉ែត្រ បណ្តាល​ឲ្យ​ស្លាប់ភ្លាមៗនៅនឹង​កន្លែងចំណែក​បុរស ចំណែកខ្លួននឹងមិត្តភក្តិម្នាក់​ដើរ​នៅ​ជិតគ្នា​នោះ បាន​រត់គេច​ទាន់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចចុះមកកន្លែងកើតហេតុដើម្បីសួរនាំស្វែងរកបងប្អូនមកដឹកសពយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារង់ចាំបងប្អូនយកឯកសារពាក់ព័ន្ធមកទទួលយកវិញ ៕ ជ្រោយពេជ្រ


ចែករំលែក៖