ប៉ោយប៉ែត៖យោងតាមកាសែតក្នុងស្រុករបស់ប្រទេសថៃនៅ ថ្ងៃសុក្រ ៥កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ នៅទីតាំងចំការអំពៅមួយកន្លែង ដែលនៅជាយភូមិ២ ត្រង់ចំណុច ណូនស្ងារ ស្ថិតក្នុងឃុំសៃថង ស្រុកខ្លងហាត ខេត្តស្រះកែវ ប្រទេសថៃ ពលករខ្មែរ២ត្រូវបានសកម្លាំងសមត្ថកិច្វថៃចាប់ខ្លួន បន្ទាប់ពីពួនសម្ងំក្នុងចំការអំពៅដើម្បីច្រៀកឈើគ្រញូង។
ពលករដែលសមត្ថកិច្ចថៃឃាត់ខ្លួនទាំងពីរនាក់នោះមានឈ្មោះ ប្រាក់យ៉ូន ហាមថង និងឈ្មោះ រិទ្ធិផុង សំរោងផល និងវត្ថុតាងឈើគ្រញូងដែលជ្រៀករួច ប្រមាណជិត២០០ដុំ ត្រូវបានកម្លាំងជំនាញ និងតម្រួតថៃ ក្រសោបបាននៅក្នុងចំការអំពៅ ក្បែខ្សែបន្ទាត់ព្រំដែនថៃ ជាប់ព្រំដែនកម្ពុជា ខណៈដែលឈើទាំងនេះត្រៀមបម្រុងនាំឆ្លងដែនចេញមកកម្ពុជា ។
យោងតាមរបាយការណ៍ពីប្រទេសថៃបានបញ្ជាក់ថា កិច្ចប្រតិបត្តិការដែលធ្វើឡើងដោយ កម្លាំងតម្រួត កម្លាំងរដ្ឋបាលព្រៃឈើ និងទាហានឈុតខ្មៅលេខ១៣ បានប្រមូលផ្តុំគ្នា ក្នុងការឡោមព័ទ្ធចំការអំពៅខាងលើនេះ ដោយសារតែកម្លាំងទទួលបាននូវព័ត៌មានស្តីពីការលបលួចកែច្នៃឈើគ្រញូងដើម្បីឆ្លងដែនចេញទៅក្រៅប្រទេស ដែលនៅទីនោះ មានមុខសញ្ញាចំនួន៤នាក់ ដែលកំពុងធ្វើសកម្មភាពជ្រៀកដុំឈើគ្រញូង ប៉ុន្តែពេលកម្លាំងបង្ហាញខ្លួនគឺពួកគេចំនួនពីរនាក់ បានរត់គេចខ្លួនបាត់ ដោយឡែកពីរនាក់ទៀត ត្រូវបានឃាត់ខ្លួនដើម្បីសាកសួរ ។
នៅក្នុងប្រតិបត្តការនោះដែរ កម្លាំងបានដកហូតនូវវត្ថុតាងមួយចំនួនដូចជា រណារយន្តចំនួន៣គ្រឿង ឈើគ្រញូងចំនួន១៩០ដុំ សម្ភារសម្រាប់ច្រៀកមួយចំនួន ព្រមទាំថ្នាំញៀន ប្រភេទយ៉ាម៉ាចំនួន១២គ្រាប់ ម៉ូតូម៉ាកយ៉ាម៉ាហាចំនួន១គ្រឿងផងដែរ ។
បច្ចុប្បន្នវត្ថុតាង និងពលករ២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ នាំយកទៅកាន់ខេត្តស្រះកែវ ដើម្បីសាកសួរបន្ត បន្ទាប់ពីពួកគេបានសារភាពថា ឈើទាំងនេះគឺច្រៀកជាដុំៗ ដើម្បីនាំចេញឆ្លងដែន ៕ វណ្ណា