ព័ត៌មានទាន់ហេតុការណ៍៖

ករណីមួយគ្រួសារព្រួតវាយបុរសម្នាក់របួសធ្ងន់​ ,​ ព្រះរាជអាជ្ញារង​ ចោទប្រកាន់ជនសង្ស័យបញ្ជូនទៅចៅក្រមស៊ើបសួរ

ចែករំលែក៖

ភ្នំពេញ៖ ករណីមួយគ្រួសារព្រួតវាយបុរសម្នាក់បណ្តាលឱ្យរបួសធ្ងន់​ នៅថ្ងៃទី២៣​ ខែធ្នូ​ នេះ​ លោក​ សឿន​ មុនីរ័ត្ន​ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ​ សម្រេចចោទប្រកាន់បុរសចំណាស់ម្នាក់ជាថៅកែលក់សំបកកង់រថយន្តយីហោ”លឹម​ ប៉េងហ៊ុយ”​ ។

មន្ត្រីតុលាការថ្លែងថា​ ជនសង្ស័យឈ្មោះ​ ឡាច​ សុផល​ ហៅ​ លឹម​ ប៉េងហ៊ុយ​ អាយុ៦៩ឆ្នាំ​ ត្រូវបានចោទប្រកាន់ពីបទ”ហិង្សាដោយចេតនា”តាមមាត្រា២១៧នៃក្រមព្រហ្មទណ្ឌ​ ។​ បច្ចុប្បន្នសំណុំរឿងនិងជនត្រូវចោទ​ កំពុងស្ថិតក្រោមចំណាត់ការរបស់លោក​ ម៉េង​ តូនី​ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ​ ។​ នៅដំណាក់កាលនេះ​ ចៅក្រមស៊ើបសួរនឹងសម្រេចឃុំខ្លួនឬមិនឃុំខ្លួនជនត្រូវចោទ។

ចន្លោះពេលនេះ​ ក្រុមគ្រួសារជនរងគ្រោះ​ សង្ឃឹមថា​ តុលាការនឹងចាត់ការលើជនសង្ស័យតាមច្បាប់​ ដោយពុំត្រូវរងសម្ពាធនៃការអន្តរាគមន៍ណាមួយឡើយ​ ពោលគឺគួរឃុំខ្លួនជនត្រូវចោទ​ ដោយសារចរិតនៃការប្រព្រឹត្តបទល្មើសនេះ​ គឺមានលក្ខណៈធ្ងន់ធ្ងន់​ មួយគ្រួសារព្រួតវាយជនរងគ្រោះ​ តែទីបំផុតជនសង្ស័យម្នាក់ប៉ុណ្ណោះ​ ត្រូវបានឃាត់ខ្លួនបញ្ជូនមកតុលាការ​ ។

នគរបាល​ បញ្ជាក់ថា​ ជនសង្ស័យឈ្មោះ ឡាច​ សុផល ហៅ ហ៊ុយ ភេទប្រុស​ អាយុ៦៩ឆ្នាំ ជាអ្នកលក់សំបកកង់រថយន្ត​ ស្នាក់នៅផ្ទះលេខ១៩៦E0-E1ផ្លូវ១៨២ក្រុមទី២៤​ ភូមិ៦​សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក​ ។

ប្រភពព័ត៌មាន​ បញ្ជាក់ថា​ កាលពីល្ងាចថ្ងៃទី២០​ ខែធ្នូ​ ជនរងគ្រោះឈ្មោះ​ គឹម ប៊ុនឡុង ភេទប្រុស​ អាយុ២៧ឆ្នាំមុខរបរនិស្សិត​ បានឡើងលើផ្ទះរបស់ខ្លួនជាន់ទី១ ទៅមើលខ្សែភ្លើងដែលជនសង្ស័យឈ្មោះ ឡាច​ សុផល ហៅ ហ៊ុយ បានតពីពេលថ្ងៃកាត់មុខផ្ទះរបស់ខ្លួន ។​ ពេលនោះជនរងគ្រោះបានយកទូរស័ព្ទដៃមកថតខែ្សភ្លើងដែលទើបនឹងតនោះ​ រួចចុះមកខាងក្រោមវិញតាមជណ្តើររួមគ្នា ដល់ពាក់កណ្តាលស្រាប់តែឈ្មោះ​ ឡាច ដារី ត្រូវជាកូនស្រីរបស់ជនសង្ស័យឈ្មោះ ឡាច​ សុផល ហៅ ហ៊ុយ មានទំនាស់ពាក្យសម្តីជាមួយជនរងគ្រោះឈ្មោះ គឹម​ ប៊ុនឡុង រឿងតខ្សែភ្លើងកាត់មុខផ្ទះរបស់ដោយមិនបានសុំខ្លួន ។​

ប្រភពបន្តថា​ ស្រាប់តែមួយគ្រួសារមានគ្នា៤នាក់​ ព្រួតវាយជនរងគ្រោះគឹម​ ប៊ុនឡុង​ បណ្តាលឱ្យរបួសធ្ងន់តែម្តង​ ។​ ក្រោយមក​ សមត្ថកិច្ចមកឃាត់ខ្លួនជនសង្ស័យ​ ឡាច​ សុផល​ តែម្តង​ ៕ចេស្តា


ចែករំលែក៖