ភ្នំពេញ៖ យ៉ាងហោចណាស់មនុស្ស៨នាក់ អ្នកញៀនល្បែងបញ្ជល់មាន់ត្រូវបានសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យចាប់ឃាត់ខ្លួន រួមនឹងអាគកចំនួន៥ក្បាលផងដែរនៅថ្ងៃអាទិត្យ៧កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ពស២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ ចំនួនពីរទីតាំងផ្សេងគ្នា គឺនៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ និងភូមិអន្លង់ស្វាយ សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ក្រោមបទលួចលេងជល់មាន់ខុសច្បាប់។
លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យបានប្រាប់ថា ទីតាំងលេងជល់មាន់នេះគឺគេបានបើកលេងយូរហើយដែរ តែលោកបានរៀបចំជាស្រេចដើម្បីគោលការណ៍ចុះបង្ក្រាប។ នៅពេលដែលកម្លាំងចុះបង្ក្រាបវាហាក់បីដូចជាមានអ្នកឲ្យការទើបឃាត់បានមនុស្សតែ៨នាក់នេះ។ ក្នុងនោះមាន់គកចំនួន៥ក្បាល ឧបករណ៍ទ្រុងមាន់ ឧបករណ៍សម្រាប់បង្ហាត់មាន់ និងម៉ូតូចំនួន២គ្រឿងផងដែរ។
លោកអធិការបន្តថា មនុស្សទាំង៨នាក់នោះនឹងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធីច្បាប់។
ដោយឡែកប្រភពពីអ្នកភូមិបានប្រាប់ថា ទីតាំងនេះឃើញគេនាំគ្នាលេងជារៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ហើយក៏មិនដឹងថាគេលេងភ្នាល់ដាក់លុយប៉ុន្មាននោះទេ។ ស្រាប់តែនៅរសៀលថ្ងៃនេះឃើញមានការភ្ញាក់ផ្អើលរត់ប្រសេចប្រសាចតែម្តង។
លោក យឹម សារ៉ាន់ អធិការខណ្ឌបានបញ្ជាក់បន្ថែមថា ទីតាំងទី១/ នៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ សមត្ថកិច្ចចុះបង្ក្រាប់នៅវេលាម៉ោង១១ព្រឹក ឃាត់មនុស្សបាន៥នាក់ ម៉ូតូ២គ្រឿង និងទី២/ នៅភូមិអន្លង់ស្វាយ សង្កាត់បឹងធំ សមត្ថកិច្ចចុះបង្ក្រាបនៅវេលាម៉ោង២និង៣០នាទីរសៀល ឃាត់មនុស្ស៣នាក់ និងមាន់ចំនួន៣ក្បាល ព្រមទាំងឧបករណ៍ពាក់ព័ន្ធមួយចំនួន៕ តាឡឹម