ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងបរិស្ថានប្រគល់ព្រះវិហារកាតូលិកនៅលើភ្នំបូកគោឲ្យព្រះសហគមន៍កាតូលិកគ្រប់គ្រង

ចែករំលែក៖

ខេត្តកំពត៖ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានក៏បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ទទួលព្រះវិហារកាតូលិកនៅលើកំពូលភ្នំបូកគោក្នុងឧទ្យានជាតិព្រះមុនីវង្ស “បូកគោ” ទៅឱ្យព្រះសហគមន៍ កាតូលិកនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីគ្រប់គ្រង ជួសជុល និងប្រើប្រាស់ជាប្រយោជន៍ក្នុងវិស័យសាសនា ។

ការប្រគល់ព្រះវិហារកាតូលិកទៅឱ្យ ព្រះសហគមន៍កាតូលិកនៅក្នុងឱកាស បុណ្យណូអ៊ែលនេះ គឺជាសក្ខីភាពបញ្ជាក់នូវការយកចិត្តទុកដាក់របស់រាជរដ្ឋាភិ បាលលើការគោរពសិទ្ធិសេរីភាព ក្នុងការគោរពបូជាលើជំនឿសាសនានៅកម្ពុជា។ នៅក្នុងពិធីប្រគល់ទទួលនេះ លោករដ្ឋ មន្រ្តីបានគូសបញ្ជាក់អំពីសារៈសំខាន់នៃសុខដុមនីយកម្មផ្នែកសាសនានៅក្នុង សង្គមជាតិយើង ដែលជាក់ស្តែងយើងមាន វត្តអារាមខ្មែរ និងព្រះវិហារកាតូលិកនៅលើ កំពូលភ្នំបូកគោនេះ។ លោករដ្ឋមន្រ្តីក៏បានលើកឡើងផងដែរអំពីតម្លៃមរតកវប្បធម៌ និងបេតិកភណ្ឌធម្មជាតិនៅតាមទីតាំង ប្រវត្តិសាស្ត្រនានារបស់កម្ពុជា ហើយក៏ បានណែនាំឱ្យអ្នកពាក់ព័ន្ធទាំងអស់ចូល រួមការពារ អភិរក្ស និងប្រើប្រាស់បុរាណ​ស្ថាន ទីសក្ការៈ បេតិកភណ្ឌធម្មជាតិទាំង​អស់​នេះ ដើម្បីជាប្រយោជន៍ក្នុងការលើកកម្ពស់តម្លៃវប្បធម៌ជាតិ និងការអភិរក្សជីវៈចម្រុះសម្រាប់មនុស្សគ្រប់ជំនាន់៕ ហេង សូរិយា


ចែករំលែក៖