ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ៖ ជំរុញឲ្យអ្នកលក់ឳសថ ត្រូវគិតពីសុខភាព ពលរដ្ឋកុំគិតតែពីប្រាក់ចំណូល

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលសាលារាជធានីភ្នំ ពេញ បានជំរុញ ឲ្យអ្នកលក់ឳសថទាំងអស់នៅរាជធានី ភ្នំពេញ ត្រូវយកចិត្តគិតទៅដល់សុខភាពប្រជាជន សូមកុំគិតតែពីប្រាក់ចំណូករបស់ខ្លួន ហើយអ្នកដែលគ្មាន វិជ្ជាជីវៈ ជំនាញ ជាពេទ្យមេត្តាកុំចេញមុខមកលក់ឳសថអោយ សោះ។ លោក ឃួង ស្រេង បានជំរុញបែបនេះ នៅក្នុងពិធី ប្រគល់វិញ្ញាបនបត្រ បញ្ជាក់ការសិក្សាដល់សមាជិកអ្នកលក់ឳសថកម្ពុជាជំនាន់ទី៣ នៅល្ងាចថ្ងៃអាទិត្យ ៧កើត ខែបុស្ស ឆ្នាំរកា នព្វស័កព.ស២៥៦១ ត្រូវនិងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ នៅមហោស្របចេនឡា ។

លោក ឃួង ស្រេង អភិបាលសាលារាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ឳសថ គឺជាអាវុធមុខពីរ បើអ្នកលក់មិនមានការ ប្រុងប្រយ័ត្នទេ នោះនឹងធ្វើអោយមាន​ការប៉ះពាល់ដល់សុខ ភាពសាធារណៈ ដូច្នេះអ្នកលក់ទាំងឡាយ ត្រូវធ្វើការងារ នេះដោយវិជ្ជាជីវៈ និងទៅតាមនីតិវិធីរបស់ក្រសួងសុខាភិបាល ក៏ដូចជាមន្ទីរសុខាភិបាល ។

លោកបន្តថា ៖ ចំពោះអ្នកលក់ ឳសថ កុំគិតតែពីប្រាក់ ចំណូល តែត្រូវគិតពីសុខភាពប្រជាជនជាធំក្នុងនាម រដ្ឋបាលរាធានីភ្នំពេញ គាំទ្រយ៉ាងពេញទំហឹងចំពោះគោលនយោ បាយដ៏ត្រឹមត្រូវ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

លោក ឃួង ស្រេង បានថ្លែងទៀតថា៖ កន្លងមកនេះ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួង សុខាភិបាល រដ្ឋបាលរាជធានីភ្នំពេញ​បានបន្តខិតខំយកចិត្តទុកដាក់ លុបបំបាត់ក្រុមហ៊ុនឳសថ និងឳសថស្ថាន ដែលមិនគោរពច្បាប់របស់ក្រសួង ដូចជាលក់ឳសថអត់មានលេខបញ្ជីកា ផ្សព្វផ្សាយឳសថគ្មានច្បាប់អនុញ្ញាត និងចុះស្រាវជ្រាវ ដកហូតឳសថក្លែងក្លាយ ឳសថខុសច្បាប់ ឳសថដែលមានការ​ហាមឃាត់ ឳសថដែលមានគុណភាពអន់​​ និងផុតកំណត់ការប្រើប្រាស់ ដើម្បីយកទៅបំផ្លាញចោល។ ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាព និងពង្រីកសេវាសុខាភិបាលប្រកបដោយគុណភាព ប្រសិទ្ធភាពជូនប្រជាពលរដ្ឋ លោកឃួង ស្រេង បានថ្លែងបន្តថា ត្រូវបង្កើនគុណភាពនៃការបណ្តុះ បណ្តា លមូលដ្ឋានដល់ម្ចាស់ អ្នកគ្រប់គ្រងទូទៅ អ្នកលក់ឱសថ អាហារបំប៉នសុខភាព និងគ្រឿងសំអាងបន្តទៀត។

លោក ក៏បានក្រើនរំលឹកដល់ឱសថការីទាំងអស់ ត្រូវពិនិត្យឱសថឲ្យបានល្អិតល្អន់ មុននឹងលក់ឱសថ ដល់អ្នកជំងឺ និងគោរពច្បាប់ មុនបើកលក់ឱសថ ជាពិសេសទៀត ការទុកដាក់ឱសថត្រូវស្ថិតនៅកន្លែងមានសុវត្ថិភាព និងស្ថិតក្នុងសីតុណ្ហភាព ចន្លោះពី២០អង្សាទៅ២៥អង្សា។

អ្នកស្រីឳសថការី គួន សារ៉េត នៃក្រសួងសុខាភិបាល ថ្លែងថា ដើម្បីកាត់បន្ថយនៃការគ្រោះថ្នាក់ដោយសារអ្នកលក់ឳសថ មួយចំនួន បានជាសមាគមបើវគ្គបណ្តុះ បណ្តាល ក្នុងបំណងបង្កើននូវចំណេះដឹងអាជីវករលក់ឳសថ និងដើម្បីឆ្លើយតបទៅនឹងគោលការណ៍ អនុវត្តន៍ល្អក្នុងសេវាកម្មឳសថ របស់ក្រសួងសុខាភិបាល ហើយក៏ជាការយកចិត្តទុកដាក់គិតគូពីសុវត្ថិភាពសុខភាពប្រជាពលរដ្ឋ ក៏ដូចជាបង្ការគ្រោះថ្នាក់ ជាយថាហេតុផ្តើមចេញពីការប្រើប្រាស់ឳសថ។

សូមបញ្ជាក់ថា ៖ សមាគម ពង្រឹងវិជ្ជាជីវៈ អ្នកលក់ឱសថ បាន បើវគ្គបណ្តុះបណ្តាល ពង្រឹងចំណេះដឹង ចំនួន៣វគ្គរួចមកហើយ ជូនអ្នកលក់​ឳសថ ដែលមានចំនួន៥៦៨នាក់ ក្នុងនោះមានស្រីចំនួន៣២៨នាក់ ៕ សំរិត


ចែករំលែក៖