ខេត្តស្វាយរៀង៖ ប្រុសស្រី៣នាក់បានរងរបួសធ្ងន់ ស្រាលបែកក្បាលហូរឈាម បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ ដោយករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបើកបញ្ច្រាសគ្នា ខណៈមិនបើកភ្លើងបំភ្លឺផ្លូវបុកពេញទំហឺងនៅថ្ងៃអាទិត្យ ៧កើត ខែបុស្ស ឆ្នាំរកា ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង ៧និង៤៣ នាទីយប់ លើផ្លូវលេខ ១១៤ ស្ថិតក្នុងភូមិ វាលយន្ដសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានប្រាប់អ្នកយកព័ត៌មានកាសែតនគរវត្តដឹងថា ម៉ូតូដែលបង្កហេតុមានម្ចាស់ឈ្មោះថោង សុវណ្ណារ៉ា ភេទ ប្រុស អាយុ ២៦ ឆ្នាំ មុខរបរ ជាងម៉ូតូ រស់នៅភូមិ វាលយន្ដ សង្កាត់ ស្វាយរៀង ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង ចំណែកម៉ូតូម៉ាក ហុងដាវេវ ពណ៌ ក្រហម គ្មានស្លាកលេខខូចខាតយ៉ាងដំណំ។
ចំពោះភាគីម៉ូតូរងគ្រោះមានម្ចាស់ឈ្មោះ ខុន ភេទ ប្រុស អាយុ២០ ឆ្នាំ រស់នៅភូមិ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្ត ស្វាយរៀង និងអ្នករួមដំណើរឈ្មោះ លី សោភណ្ឌ ភេទ ស្រី អាយុ ១៧ ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិ សាលាស្រុកចាស់ សង្កាត់ ព្រៃឆ្លាក់ ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង ។
តាមសាក្សីបានប្រាប់ឲ្យដឹងថា មុនកើតហេតុមានម៉ូតូម៉ាក្ស ហុងដាសេ១២៥ ពណ៌ ខ្មៅ គ្មានស្លាកលេខ ជិះគ្នា២នាក់ក្នុងទិសដៅពីកើតមកលិច ខណៈនោះស្រាប់តែមានម៉ូតូម៉ាក្ស វេវ ពណ៌ ក្រហម គ្មានស្លាកលេខ ជិះម្នាក់ឯងបញ្ច្រាសគ្នាលិចមកកើតដោយមិនបើកភ្លើងបំភ្លឺផ្លូវក៏បុកគ្នាពេញទំហឺងតែម្ដង។
ក្រោយមកភាគីម៉ូតូរងគ្រោះមានម្ចាស់ឈ្មោះ ខុន មានអការភ័យក៏រត់គេចខ្លួនបន្សល់តែនារីម្នាក់នៅនឹងកន្លែងជាមួយភាគីបង្កហេតុត្រូវបានសមត្ថកិច្ចមកដល់ វាស់វែងនិងអូសមធ្យោបាយ រក្សាទុកនៅអធិការដ្ឋានក្រុងស្វាយរៀង ដើម្បីចាត់ការតាមច្បាប់ និងដឹកអ្នករបួសសម្រាកព្យាលបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង៕ យឹម សុថាន