ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ត្រូវក្រុមជនអន្ធពាលវាយឲ្យរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ត្រូវបានក្រុមជនអន្ធពាលមួយក្រុមវាយនៅសល់ដង្ហើមចង្រឹត កាលពីវេលាម៉ោងជា៥ព្រឹក ថ្ងៃចន្ទ ៨កើត ខែបុស្ស ឆ្នាំរកា ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវលំត្រង់ចំណុចខាងក្រោយកន្លែងលក់ផ្កាភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។

បុរសខាងលើមានវ័យប្រមាណជាង៣០ឆ្នាំ សម្បុរសណ្តែកបាយ ស្លៀកខោក្រណាត់ ជើងវែង អត់ពាក់អាវមានស្នាមជាំដើមដៃទាំងសងខាងមានឈាមកកនៅត្រចៀកនិងមានឈាមហូរតាមមាត់ ដេកផ្កាប់មុខនៅលើផ្លូវលំ។

ប្រភពពត៌មានពីកម្មករថែផ្កានៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគឺនៅវេលាម៉ោង២រំលងអធ្រាត្រគាត់បានឮសំលេងឆ្កែព្រុះព្រមទាំមានឮសំលេងមនុស្សផងដែរដែលឮចេញពីកន្លែងកើតហេតុខាងលើតែគាត់មិនបានចាប់អារម្មណ៍ថា មានរឿងអ្វីកើតឡើង ក៏សម្រាន្តបន្តលុះវេលាម៉ោងជាង៥ព្រឹក ក៏ស្រាប់តែមានអ្នកថែផ្កាផ្សេងទៀតប្រទះឃើញនិងមានការភ្ញាក់ផ្អើលប្រាប់ដល់សមត្ថកិច្ចតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចក៏បានមកដល់កន្លែងកើតហេតុ និងបានទាក់ទងរថយន្តសង្គ្រោះដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីពេទ្យកាល់ម៉ែត្រ។

សមត្ថកិច្ចដែលទៅដល់កន្លែងកើតហេតុបានបញ្ជាក់ថា ជនរងគ្រោះពិតជាត្រូវជនមិនស្គាល់មុខវាយឲ្យរបួសពិតមែន។

ក្នុងករណីខាងលើគេមិនដឹងថា ជនរងគ្រោះជាជនល្មើសទៅធ្វើបទល្មើសអ្វីនៅកន្លែងណាមួយហើយត្រូវបានម្ចាស់ទ្រព្យសម្បត្តិគេវាយឲ្យរបួសនោះទេ ព្រោះជនរងគ្រោះរងរបួសធ្ងន់មិនអាចនិយាយបាន តែប្រសិនបើគាត់ជាមនុស្សសុច្ចរិតទៀងត្រង់ហើយត្រូវបានក្រុមជនអន្ធពាលវាយធ្វើបាបរហូតដល់នៅសល់តែដង្ហើមចង្រឹតដូច្នេះវាពិតជាររឿងដែលគួរឲ្យសោកស្តាយបំផុត ដែលក្នុងនាមជាមនុស្សដូចគ្នា មិនគួរប្រព្រឹត្តទង្វើបែបនេះទៅលើគ្នា និងគ្នានោះទេ៕ អរុណរៈ


ចែករំលែក៖