ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបន្ទាប់ពីយុវជន២ក្រុម បានធ្វើសកម្មភាពដេញកាប់គ្នាយ៉ាងសាហាវដូចក្នុងរឿងគុនហុងកុង បណ្ដាលឲ្យយុវ័ជនពីរនាក់ក្នុងចំណោមបក្សពួកជាច្រើននាក់ត្រូវបានរងរបួសធ្ងន់ធ្ងរ ហើយត្រូវក្រុមគ្រួសារដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យលោកសង្ឍ បណ្ដាលឲ្យយុវជនម្នាក់ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ។
ករណីហិង្សាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃចន្ទ ៨កើត ខែបុស្ស ឆ្នាំរកា ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ ខាងជើងសកលវិទ្យាល័យអន្តរជាតិអាយយូ តាមបណ្តោផ្លូវបេតុង ស្ថិតក្នុងភូមិសែនសុខទី៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុកាលពីល្ងាចថ្ងៃទី២៤ គឺមានវិធីអាពាហ៍ពិពាហ៍មួយរោង នៅក្នុងភូមិសែនសុខទី៧ លុះដល់ពេលយប់ ក៏មានវិធីរាំរែកយ៉ាងសប្បាយកោះករ នៅក្នុងរោងអាពាហ៍ពិពាហ៍នោះ ហើយការរាំងរែកក៏ត្រូវបានបញ្ចប់នៅម៉ោង១២យប់ ដោយមិនមានបញ្ហាអ្វីនោះទេ។
លុះដល់វេលាកើតហេតុ ស្រាប់មានក្មេងស្ទាវចំនួនពីរក្រុម មិនដឹងថាមកពីណានោះទេ ដោយមួយក្រុមៗ មានគ្នាជាងដប់នាក់ ប្រដាប់ដោយដាវ និងដំបង់គ្រប់ដៃ បានរត់ដេញកាប់គ្នាទៅវិញទៅមកត្រង់ចំណុចកើតហេតុ យ៉ាងសាហាវបណ្តាលឲ្យយុវជនម្នាក់រងរបួស ហើយបានរត់ចូលទៅក្នុងផ្ទះដែលនៅក្បែរកន្លែងកើតហេតុត្រូវបានសាច់ញាតិដឹកតាមរ៉ឺម៉កកង់បីទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ និងយុវជនម្នាក់ទៀតត្រូវបានយុវជនបង្កព្រួតគ្នាកាប់ចិញ្ច្រាំបណ្តាលឲ្យដាច់ម្រាមដៃខាងឆ្វេង និងបែកក្បាលដេកសន្លប់ក្នុងថ្លុកឈាមនៅកណ្តាលផ្លូវត្រង់ចំណុចកើតហេតុ និងមានបន្សល់ទុកដាវកែច្នៃមួយដើម្បី និងដំបង់ជាច្រើនកំណាត់នៅនឹងកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុ ជនរងគ្រោះ២នាក់ ត្រូវរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ ប៉ុន្តែអកុសលម្នាក់បានស្លាប់ ចំណែកម្នាក់ទៀតកំពុងតែសង្គ្រោះបន្ទាន់ ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវវែករកមុខជនសង្ស័យយកទៅដាក់ទោសទៅតាមផ្លូវច្បាប់៕ តុង សីហា