ព័ត៌មានទាន់ហេតុការណ៍៖

ចុះវាយសំណង់សង់រំលោភចញ្ចើមផ្លូវសាធារណៈនៅទីតាំងឈ្មោះគីវីម៉ាត(KiwiMart) បន្ទាប់ពីម្ចាស់ទីតាំងខាងលើមិនព្រមអនុវត្តតាមការណែនាំរបស់អាជ្ញាធរនិង លិខិតជូនដំណឹងរបស់រដ្ឋបាលខណ្ឌ-សង្កាត់ចំនួន ៥លើ

ចែករំលែក៖

ភ្នំពេញ៖ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ នៅព្រឹកថ្ងៃចន្ទ ៨កើត ខែបុស្ស ឆ្នាំរកា ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៨ព្រឹក បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ចុះទៅវាយសំណង់សង់រំលោភចញ្ចើមផ្លូវសាធារណៈនៅទីតាំងឈ្មោះគីវីម៉ាត(KiwiMart) បន្ទាប់ពីម្ចាស់ទីតាំងខាងលើមិនព្រមអនុវត្តតាមការណែនាំរបស់អាជ្ញាធរ និង លិខិតជូនដំណឹងរបស់រដ្ឋបាលខណ្ឌ-សង្កាត់ចំនួន ៥លើក ។

ក្នុងការចុះវាយសំណង់សង់រំលោភលើចិញ្ចើមផ្លូវនោះដែរ លោកអភិបាលខណ្ឌ បានមានប្រសាន៍ថា ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ បានចុះរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យនៅតាមដងផ្លូវសំខាន់ៗ ចំនួន០៥ខ្សែ ក្នុងចំណោមផ្លូវសំខាន់ៗទាំង១១ខ្សែ ក្នុងរាជធានីភ្នំពេញ ដែលរដ្ឋបាលរាជធានីភ្នំពេញ បានកំណត់ជាអាទិភាពដងផ្លូវសំខាន់ក្នុងការរៀបចំសណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈឲ្យបានស្អាតល្អប្រសើរ ក្នុងនោះមាន៖ ផ្លូវព្រះមុន្នីវង្ស, ផ្លូវភ្លោះព្រះអង្គឌួង, មហាវិថីសហព័ន្ធរុស្ស៊ី, មហាវិថីព្រះនរោត្តម, ផ្លូវស៊ីសុវត្ថិ និងមហាវិថីព្រះសីហនុ ព្រមទាំងបានធ្វើការរៀបចំសណ្ដាប់ធ្នាប់នៅផ្លូវសំខាន់ៗ មួយចំនូនក្នុងខណ្ឌ បន្ថែមទៀតមាន៖ ផ្លូវប៉ាស្ទើរ, ផ្លូវលេខ៦៣, ផ្លូវលេខ៥១, ផ្លូវលេខ១៣០ និងផ្លូវលេខ១៣៦ជាដើម ។ ជាក់ស្ដែងចំពោះមុខ ការអនុវត្តការរៀបចំចិញ្ចើមផ្លូវនេះ រដ្ឋបាលខណ្ឌ មិនអនុញ្ញាតឲ្យមានការសាងសង់សំណង់រឹងមាំក្ដី មិនរឹងមាំក្ដី រំលោភលើចិញ្ចើមផ្លូវសាធារណៈឡើយ ។

ក្នុងនោះកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌក៏បានធ្វើការអប់រំ ណែនាំ និងជូនដំណឹងជាលាយល័ក្ខអក្សរដល់ម្ចាស់ទីតាំងដែលបានសាងសង់រំលោភលើចិញ្ចើមផ្លូវសាធារណៈ ឲ្យធ្វើការរុះរើសំណង់របស់ខ្លួនដោយស្ម័គ្រចិត្តដោយខ្លួនឯង ក្នុងករណីមិនអនុវត្តតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខណ្ឌ-សង្កាត់ទេ ដល់ផុតកំណត់ឱសាន្តវាទ នៃលិខិតជូនដំណឹង នោះរដ្ឋបាលខណ្ឌ នឹងដាក់កម្លាំងចុះរុះរើសំណង់នោះ ដោយមិនទទួលខុសត្រូវលើការខូចខាត ឬបាត់បង់សម្ភារឡើយ ៕ស តារា


ចែករំលែក៖