ភ្នំពេញ៖ រថយន្តយីឌុបបើកកៀររថយន្ត២គ្រឿងបណ្តាលឲ្យខូចខាតយ៉ាងស្ទើរទាំងស្រុង តែមិនបង្កឲ្យមានមនុស្សរងរបួសឡើយ។ហេតុការនេះកើតឡើងកាលពីវេលាម៉ោង០២រំលងអធ្រាត្រ ថ្ងៃចន្ទ ៨កើត ខែបុស្ស ឆ្នាំរកា ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវលេខ១៩៣កែងនឹងផ្លូវ៣៦៦ក្នុង សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ម្ចាស់រថយន្តបង្កមានឈ្មោះ គីវ ទ្រី ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរ បើកបររថយន្ត ស្រុកកំណើតនៅ ភូមិចំពី ឃុំតាំងក្រូច ខេត្តកំពង់ស្ពឺ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តយីឌុប ដឹកទូរកុងទីន័រ ពាក់ ស្លាកលេខ តាកែវ 3 A-2805 បើកបរតាមផ្លូវលេខ៣៦៦ អិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ក៏បានបត់ស្តាំឡើងទៅផ្លូវលេខ ១៩៣ បត់ជិតផុតទៅហើយ គ្រវាត់កន្ទុយមកកៀរ រថយន្តចំនួនពីរគ្រឿង មួយគ្រឿងម៉ាក ISUZU ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2P-8763 និង មួយគ្រឿងទៀតម៉ាក ឡិចសុីស RX350 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AJ-7199 បណ្ដាលឲ្យបែកកញ្ចក់មុខ ឆ្កូតមួយចំហៀងខាងឆ្វេង ដែលចតនៅកន្លែងផ្ញើនៅចិញ្ចើមថ្នល់នោះ។
ប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុបានលើកឡើងថា គ្លីនិច កុមារ និង សម្ពព ឈួ អុីសេង នេះយកផ្លូវសាធារណៈចតរថយន្តអមសងខាង ផ្លូវធ្វើឲ្យផ្លូវតូចចង្អៀតមិនអាចឲ្យរថយន្តបើកបរទៅវិញ ទៅមក មិនបាន ឡើយ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់សម្របសម្រួល ហើយភាគីរថយន្តទាំងសងខាងបានឯកភាពគ្នាដោះស្រាយបញ្ចប់រឿងនៅកន្លែងកើតហេតុ ។
ជាចុងក្រោយប្រជាពលរដ្ឋសំណូមពរឲ្យអាជ្ញាធរខណ្ឌចំការមនជួយមានវិធានការកន្លែងផ្ញើរថយន្តរបស់ គ្លីនិចកុមារ និង សម្ពព ឈួ អុីសេងនេះផង កុំបណ្តែតបណ្តោយឲ្យចតរថយន្តយ៉ាងអនាធិតេយ្យបែបនេះតទៅទៀត៕ ស រស្មី