ប៉ោយប៉ែត៖ កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនក្រុមម៉ូតូឌុបចំនួន៨នាក់ ដែលចាប់ម៉ូយនៅគល់ស្ពានមិត្តភាពកម្ពុជា ថៃ ធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់កាលពីព្រឹកថ្ងៃចន្ទ ៨កើត ខែបុស្ស ឆ្នាំរកា ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចគល់ស្ពានមិត្តភាព កម្ពុជា ថៃ នៃច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត។
លោក សុត សុផាតមេបញ្ជាការរងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតមានប្រសាសន៍ថា ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យឲ្យកម្លាំងលោកចុះនាំខ្លួនបងប្អូន ដែលជាអ្នករត់ម៉ូតូឌុបនៅចំណុចគល់ស្ពានមិត្តភាពកម្ពុជា-ថៃ ដើម្បីយកមកណែនាំអប់រំឲ្យពួកគាត់ បញ្ឈប់ធ្វើសកម្មភាពចាប់ម៉ូយនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដែលបង្កភាពអនាធិបតេយ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ។
ក្នុងនាមលោកជាកម្លាំងកងរាជអាវុធហត្ថ ក៏បានណែនាំដល់ពួកគាត់រួចហើយ មិនឲ្យពួកគាត់ចាប់ម៉ូយនៅលើស្ពានមិត្តភាពកម្ពុជា ថៃនោះទៀតឡើយ។
ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត មិនមែនមានតែភ្ញៀវជាតិប៉ុណ្ណោះទេ ដែលធ្វើដំណើរឆ្លងកាត់ គឺមានភ្ញៀវអន្តរជាតិគ្រប់ជាតិសាសន៍ ទាំងអស់ដែលពួកគាត់ធ្វើដំណើរឆ្លងកាត់ច្រកទ្វារព្រំដែនខាងលើ ចូលមកក្នុងប្រទេសកម្ពុជា ដើម្បីទៅទស្សនានៅប្រាង្គប្រាសាទ ឬរមនីយដ្ឋានផ្សេងៗ ដែលជាតំបន់ទេសចរណ៍នៅតាមបណ្ដាខេត្តនានា ។
នៅពេលដែលភ្ញៀវជាតិ អន្តរជាតិឆ្លងកាត់មក ពួកគាត់ឃើញទង្វើរបស់ក្រុមម៉ូតូឌុបបង្កើតភាពអនាធិបតេយ្យនៅចំណុចខាងលើដូច្នេះ ធ្វើឲ្យប៉ះពាល់ដល់កិត្យានុភាពរបស់មុខមាត់ប្រទេសជាតិ ដូច្នេះ គេគ្រប់គ្នាខំកសាងស្នាដៃមុខមាត់ប្រទេស បើពួកគាត់បង្កើតភាពអនាធិបតេយ្យបែបនេះ កងកម្លាំងមិនអាចទទួលយកបាននោះទេ ដែលធ្វើកកស្ទះបណ្ដាលមកពីបងប្អូនមួយចំនួនតូច ដែលគាត់បានទៅបង្កភាពអនាធិបតេយ្យនៅទីនោះ ។
លោកបញ្ជាក់ថា ក្រោយពីការអប់រំ បើបងប្អូនទាំងអស់មិនយកចិត្តទុកដាក់ចំពោះសមត្ថកិច្ចណែនាំនោះទេ បើនៅមានមុខលើកទី២ នៅចំណុចច្រកទ្វារព្រំដែនអន្តរជាតិទៀត នឹងមានវិធានការទៅតាមផ្លូវច្បាប់៕ វណ្ណា