ខេត្តកំពង់ស្ពឺ៖ ប្តីប្រពន្ឋ២នាក់ដែល សមត្ថកិចបានតាមដានជាយូរមកហើយនោះ ពេលនេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ ព្រមទាំងដកហូតបានឧបករណ៍សម្រាប់វេចខ្ចប់ព្រមទាំងថ្នាំញៀនមួយចំនួនធំទៀតផង។
ជនសង្ស័យទាំង២ត្រូវបានសមត្ថកិច្ចបាននាំជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីសាកសួរនិងកសាងសំណុំរឿងដើម្បីចាត់ការបន្ត។
ករណីបង្ក្រាបគ្រឿងញៀននេះ ធ្វើឡើងកាលពីព្រលប់ថ្ងៃចន្ទ ៨កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ ភូមិព្រៃស្បូវ ឃុំ ជង្រុក ស្រុកគងពិសី ខេត្តកំំពង់ស្ពឺ។
ជនសង្ស័យមានឈ្មោះខុន ភក្តី ភេទ ប្រុស អាយុ២៤ឆ្នាំ(ប្តី) រស់នៅភូមិព្រៃ ស្បូវ ឃុំ ជង្រុក ស្រុក គងពិសី ខេត្តកំពង់ស្ពឺ និងឈ្មោះ ណុល ស្រីណែត ភេទស្រី អាយុ៣០ឆ្នាំរស(ប្រពន្ធ) នៅភូមិជាមួយគ្នា។
លោកវរសេនីយ៍ឯកឃឹម សុផាន់រ៉ា អធិការបានប្រាប់ថា ជនសង្ស័យគឺជាមុខសញ្ញាជួញដូរថ្នាំញៀនដ៏សកម្ម ដែលសមត្ថកិច្ចរបស់លោកតាមដានជាយូរមកហើយ។ មុខសញ្ញាសង្ស័យទាំង២ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពេលកំពុងធ្វើសកម្មភាពជួញដូរថ្នាំញៀននៅនឹងផ្ទះរបស់ពួកគេតែម្តង។
ក្រោយឃាត់ខ្លួនសមត្ថកិច្ចដកហូតបានម្ស៉ៅក្រាមពណ៌សសរុប២៦កញ្ចប់ មធ្យម២កញ្ចប់ តូច២៤កញ្ចប់ ព្រមទាំងឧបករណ៍វេចខ្ចប់ និង ប្រដាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន និងទូរស័ព្ទដៃ១គ្រឿង។ បន្ទាប់ពីឆែកឆេរព្រមទាំងដកហូតវត្ថុតាងរួចមកសមត្ថកិចបានបញ្ជូនជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងតាមនីតិវិធី។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង២បានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពជួញដូរថ្នាំញៀនប្រាកដមែន។ កន្លងមក មិនដែលមានសមត្ថកិច្ចណាមួយចាប់អារម្មណ៍ពួកគេថា ជាអ្នកលក់ថ្នាំញៀននោះទេ ទើបតែថ្មីៗនេះមានអ្នកចេញ ចូលមកទិញថ្នាំច្រើន ទើបសមត្ថកិចសង្ស័យក៏តាមដានចុះមកចាប់តែម្តង។
មន្ត្រីនគរបាលមួយរូបបានប្រាប់ផងដែរថា ជនសង្ស័យទាំង២មានការលាក់បាំងច្រើនអំពីបក្ខពួកដែលជាមេក្លោងរបស់គេក្នុងការទាក់ទងគ្នាយកថ្នាំញៀនមកលក់នៅភូមិសាស្ត្រខាងលើ បើទោះជាជនសង្ស័យលាក់លៀមបក្ខពួករបស់គេយ៉ាងណាក្តី ក៏សមត្ថកិចនៅតែបន្តការស្រាវជ្រាវដើម្បីឈានទៅចាប់មេក្លោងនៅពីក្រោយបន្តទៀត។
នៅព្រឹកថ្ងៃអង្គារ ៩កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ នេះដែរ ក្រោយស្តាប់ចម្លើយសារភាពរបស់ជនសង្ស័យទាំង២រួចមក សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀនចាត់ការបន្តតាមនីតិវិធី ៕ សេនាស័ក្តិ