ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីនគរបាលខណ្ឌដង្កោ១៨៦រូបត្រូវបានបំពាក់ឋានន្តរស័កិ្ត ខណៈដែលសម្រេចលទ្ធផលស្នាដៃល្អក្នុងឆ្នាំ២០១៧

ចែករំលែក៖

ភ្នំពេញ៖ ក្នុងរយៈពេលពេញ១ឆ្នាំ២០១៧នេះ អធិការដ្ឋាននគរបាលខណ្ឌដង្កោបានបំពេញតួរនាទីយ៉ាងសកម្ម ក្នុងការចូលរួមសហការការពារសេ្ថរភាពនយោបាយ និងការពារសន្តិសុខ សុវតិ្ថភាព សណ្តាប់ធ្នាប់សាធារណៈរបៀបរាបរយក្នុងមូលដ្ឋានបានល្អប្រសើរ និងគួរជាទីមោទនៈ។ ជាពិសេសបានអនុវត្តនូវគោលនយោបាយភូមិសង្កាត់មានសុវតិ្ថភាពរបស់រាជរដ្ឋាភិបាល ជូនប្រជាពលរដ្ឋប្រកបដោយភាពសុខសាន្ត។ ដោយទទួលបាននូវលទ្ធផលស្នាដៃសំខាន់ជាច្រើន ទើបនៅថ្ងៃនេះរាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ជាពិសេសថ្នាក់ដឹកនាំផ្ទាល់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានសម្រេចតម្លើងឋានន្តរស័ក្តិជូនដល់មន្ត្រីនគរបាលជាតិតាមបណ្តាអង្គភាពចំណុះផែនប្រឆាំងបទល្មើស និងអធិការដ្ឋាននគរបាលខណ្ឌដង្កោសរុប១៨៦រូប។
ពិធីបំពាក់ឋានន្តរស័កិ្តនេះក៏បានប្រព្រឹត្តធ្វើឡើងនៅព្រឹកថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧នៅសាលប្រជុំសាលាខណ្ឌដង្កោ ដោយទទួលបានការអញ្ជើញចូលរួមជាអធិបតីក្នុងពិធីពីសំណាក់លោកឧត្តមសេនីត្រីយ៍ ព្រុំ សន្ធរ ស្នងការរង ទទួលផែនប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងទទួលខុសត្រូវដឹកនាំត្រួតពិនិត្យការងារនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ តំណាងឲ្យនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ លោក ជ ចាន់ស៊ាង អភិបាលរងខណ្ឌដង្កោ និងលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ។
លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោបានថ្លែងថា ថ្ងៃនេះដោយទទួលបានការអនុវត្តន៍តាមគោលការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងក្រោមការដឹកនាំផ្ទាល់ពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាល នឹងជាស្នងការនគរបាលរាជធានីភ្នំពេញ អធិការដ្ឋាននគរបាលខណ្ឌដង្កោបានរៀបចំពិធីបំពាក់ឋានន្តរស័កិ្តមន្ត្រីនគរបាលជាតិ ចំណុះផែនប្រឆាំងបទល្មើស និងអធិការដ្ឋាននគរបាលខណ្ឌដង្កោ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ជឹម ស៊ីថា បានលើកឡើងបន្ថែមឲ្យដឹងទៀតថា ក្នុងរយៈពេលពេញ១ឆ្នាំ២០១៧នេះ អធិការដ្ឋាននគរបាលខណ្ឌដង្កោបានបំពេញតួរនាទីយ៉ាងសកម្មក្នុងការចូលរួមសហការការពារសេ្ថរភាពនយោបាយ និងការពារសន្តិសុខ សុវតិ្ថភាព សណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋានបានល្អប្រសើរធ្វើឲ្យបរិស្ថានសន្តិសុខទូទៅជូនសង្គមជាតិ និងប្រជាពលរដ្ឋប្រកបដោយភាពសុខសាន្ត។ក្នុងនោះបានសហការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់អាណតិ្តទី៤ ដែលបានប្រព្រឹត្តទៅបរិយាកាសសន្តិភាព សេរី ត្រឹមត្រូវ និងយុត្តិធម៌ស្របតាមច្បាប់ បទបញ្ជានីតិវិធី និងក្រមសិលធម៌ នៃការបោះឆ្នោត។
លោកវរសេនីយ៍ឯក ជឹម ស៊ីថា បានបញ្ជាកឲ្យដឹងដែរថា ក្នុងឆ្នាំ២០១៧នេះ សភាពការណ៍បទល្មើសព្រហ្មទណ្ឌកើតឡើងចំនួន៥៦លើក បង្ក្រាបបានចំនួន៤៥ករណី ឃាត់ខ្លួនជនសង្ស័យ៧៥នាក់ ស្រី១នាក់ និងវត្ថុតាងមួយចំនួនផងដែរបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។ លោកបន្តថា សមិទ្ធិផលស្នាដៃរបស់កងកម្លាំងនគរបាលខណ្ឌដង្កោទាំងមូល ដែលសម្រេចបានខាងលើនេះគឺស្តែងចេញពីខិតខំ លះបង់កម្លាំងកាយចិត្ត គោរពអនុវត្តបទបញ្ជាយ៉ាងម៉ឺនម៉ាត់ដើម្បីសម្រេចភារកិច្ចដ៏ឧត្តុង្គឧត្តមដែលថ្នាក់លើប្រគល់ឲ្យក្នុងស្មារតីទទួលខុសត្រូវខ្ពស់ឈរលើគោលការណ៍ច្បាប់ គោរពសិទិ្ធមនុស្ស និងអនុវត្តត្រឹមត្រូវតាមយុទ្ធសាស្ត្រចចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា។
ដោយឡែកលោកឧត្តមសេនីយ៍ត្រី ព្រុំ សន្ធរ ស្នងការរងរាជធានីភ្នំពេញក៏បានណែនាំដល់មន្ត្រីទាំងអស់ ដែលទើបបំពាក់ឋានន្តរស័កិ្តត្រូវបំរើប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យបានល្អ ត្រូវសហការសាមគ្គីភាពផ្ទៃក្នុង និងត្រូវអនុវត្តគោលនយោបាយភូមិសង្កាត់មានសុវតិ្ថភាពឲ្យមានប្រសិទិ្ធភាព។ លោកឧត្តមសេនីយ៍ត្រីស្នងការរងបន្តថា ត្រូវអនុវត្តឲ្យបានវិធានការ២បង្ក្រាប និង៥បង្ការ ដែលបច្ចុប្បន្នស្ថានភាពបទល្មើសតាមប្រព័ន្ធបច្ចេកវិជ្ជាក៏កំពុងកើតយ៉ាងខ្លាំងក្លាដែលជាបញ្ហាយើងត្រូវតែប្រយ័ត្ន។ លោកឧត្តមសេនីយ៍ត្រីក៏បានផ្តាំផ្ញើដល់មន្ត្រីដែលពុំទាន់បានបំពាក់ស័កិ្តនោះចូរកុំអាក់អន់ស្រពន់ចិត្ត ថ្នាក់លើរបស់យើងមិនមើលរំលងនោះទេចំពោះមន្ត្រីដែលខិតខំបំពេញភារកិច្ចបានល្អ យើងនឹងបំពាក់ជូននៅពេលក្រោយ៕ តាឡឹម
 

ចែករំលែក៖