ព័ត៌មានទាន់ហេតុការណ៍៖

ហ្វូងចោរចូលគាស់ទូដែករោងចក្រអ៊ីហ្វា ហ្គាមិន លួចលុយអស់ខ្ទង់ម៉ឺនដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ ចោរ១ក្រុមបានធ្វើសកម្មភាពកាត់លួសបន្លាររបងរោងចក្រកាត់ដេរ អ៊ីហ្វា ហ្គាមិន រួចចូលទៅគាស់ទ្វាររោងចក្ររួចចូលទៅរុះរើបន្ទប់រដ្ឋបាល ព្រមទាំងចូលទៅក្នុងបន្ទប់របស់លោកអគ្គនាយករោងចក្រ ហើយលួចគាស់ទូដែកលួចលុយក្រុមហ៊ុន អស់រាប់ម៉ឺនដុល្លារ ក្នុងនោះក៏មានលុយផ្ទាល់ខ្លួនលោកចំនួន៩ពាន់ដុល្លារ រួមជាមួយឯកសារសំខាន់ៗ មួយចំនួនទៀតផងដែរ។

ចំណែកក្រុមចោរបានគេចខ្លួនបាត់ស្រមោល ដោយឡែកនៅយប់កើតហេតុក៏កានសន្តិសុខយាមនៅរោងចក្រនោះចំនួន៤នាក់ ផងដែរ ប៉ុន្តែមិនបានដឹងថា មានចោរចូលធ្វើសកម្មភាពនោះឡើយ ហើយក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅ៣ រួមជាមួយនគរបាលបច្ចេកទេសនៃស្នងការដ្ឋានរាជធានីភ្នំពេញ ចុះទៅពិនិត្យ និងស្រាវជ្រាវរកមុខសញ្ញាចោរទាំងនេះ។

ហេតុការណ៏នោះបានបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦ព្រឹកថ្ងៃព្រហស្បតិ៍ ១១ កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ នៅក្នុងរោងចក្រកាត់ដេរយីហោ អ៊ីហ្វា ហ្គាមិន ស្ថិតនៅក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពពីស្រ្តីឈ្មោះ អ៊ូ ចាន់ដាវី ហៅមីង អាយុ៣៩ឆ្នាំ មានស្រុកកំណើតនៅក្នុងស្រុកអង្គរជ័យ ខេត្តកំពត និងស្នាក់នៅក្នុងភូមិ ក្បាលដំរី សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ បាននិយាយថា ទូដែកខាងលើនោះមានដាក់លុយរបស់ក្រុមហ៊ុន រាប់ម៉ឺនដុល្លារ ក្នុងនោះក៏មានលុយផ្ទាល់ខ្លួនរបស់លោកអគ្គនាយកក្រុមហ៊ុន ចំនួន៩ពាន់ដុល្លារផងដែរ ក្រៅពីនេះនៅមានឯកសារសំខាន់ៗមាន ដូចជាឯកសាររោងចក្រ ឯកសារធនាគារជាដើម ត្រូវបានចោរលួចយកទៅបាត់អស់។

នៅមុនពេលកើតហេតុទូកដែកនោះត្រូវបាន ទុកនៅក្នុងបន្ទប់របស់លោកអគ្គនាយករោងចក្រ ហើយនៅវេលាយប់ថ្ងៃទី២៧ ខែធ្នូ ក៏ដូចជានៅយប់កន្លងមកដែរ នៅក្នុងរោងចក្រ មានក្រុមសន្តិសុខយាមចំនួន៤នាក់រហូត ដែលសន្តិសុខនោះត្រូវបានក្រុមហ៊ុនជួលពីក្រុមហ៊ុនសន្តិសុខយីហោ ឆេង ជែម(CJS) ។

ចំណែកកម្មករថែមម៉ោងដល់វេលាម៉ោង៨និង៣០នាទីយប់ ទើបចេញហើយខាងបុគ្គលិកគ្រប់ផ្នែកក៏បានចេញទៅផ្ទះ សម្រាករៀងៗខ្លួនដែរ មិនមានអ្នកស្នាក់នៅក្នុងនោះក្រៅពីក្រុមសន្តិសុខទាំង៤នាក់នោះឡើយ ហើយក៏មិន បានដឹងថាក្រុមចោរ ចូលទៅធ្វើសកម្មភាពតាំងពីពេលណាដែរ។

នគរបាលបាននិយាយថា ក្រុមចោរបានកាត់លួសបន្លាររបងរោងក្រផ្នែកខាងក្រោយចូលទៅធ្វើសកម្មភាព ហើយបើតាមការឆែក មើលកាមេរ៉ាសុវត្ថិភាព គឺក្រុមចោរមួយក្រុម មាន គ្នាច្រើននាក់ពាក់អាវមានមួកឃ្លុមបិទមុខថែមទៀត និងបានចូលទៅធ្វើសកម្ម ភាពនៅវេលាម៉ោងប្រហែល២និង៤២នាទីទាបភ្លឺឈានចូលថ្ងៃទី២៨ ខែធ្នូ ហើយក្រុមចោរបានប្រើម៉ូទ័រកាត់ទម្លុះទម្លាយទូដែក នោះបើកយកលុយនិងឯកសារនៅក្នុងនោះ បន្ទាប់មកបាននាំ គ្នាគេចខ្លួនបាត់អស់ ។

ចំណែកសន្តិសុខមិនដឹងថាបានដឹងឬធ្វើជាមិនដឹងទេ ប៉ុន្តែតាមការសន្និដ្ឋានក្រុមចោរអាចជាអ្នកបម្រើការងារនៅក្នុងនោះទើបដឹងពីកន្លែទុកដាក់ទូដែក និងដឹងថានៅក្នុងនោះ មានលុយច្រើន ហើយក៏សង្ស័យថាមានការចូលរួមឃុបឃិតពីសំណាក់ក្រុមសន្តិសុខដែលយាមវេនយប់នោះផងដែរ ទើបអាចចូល ទៅលួចរហូតប្រើម៉ូទ័រកាត់ថែមទៀតបានដោយរលូនបែបនេះ។

ទោះបីជាបែបណានគរបាលបានកំណត់បានមុខសញ្ញាខាងលើនោះ ខ្លះៗហើយនិងកំពុងស្រាវជ្រាវដើម្បីឈានដល់ការចាប់ខ្លួនចាត់ការតាមច្បាប់៕ សុខាសែនជ័យ


ចែករំលែក៖