ប៉ោយប៉ែត ៖ ជនរងគ្រោះម្នាក់ ដែលជាពលករខ្មែរបម្រើការងារនៅឯប្រទេសថៃ បានស្លាប់នៅខាងមុខអគារស្នាក់នៅរបស់ខ្លួន បន្ទាប់ពីជនរងគ្រោះរូបនេះ បានផឹកស៊ីជាមួយមិត្តភក្តិ ដែលជាពលករខ្មែរដូចគ្នា ហើយទំនងជាស្រវឹងរៀងខ្លួនទាស់សម្តីគ្នា ទើបត្រូវភាគីម្ខាងទៀតទាញបុ័ងតោកាប់បណ្ដាលឲ្យស្លាប់ ហើយរត់គេចខ្លួនបាត់ ។
យោងតាមរបាយការណ៍ពីសមត្ថកិច្ចថៃបានឲ្យដឹងថា ករណីឃាតកម្មនេះ បានកើតឡើងកាលពីវេលាម៉ោង ៧ និង ៣០ នាទី យប់ ថ្ងៃអង្គារ ៩ កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ ត្រង់ចំណុចខាងមុខអគារស្នាក់នៅរបស់កម្មករមួយកន្លែង ដែលស្ថិតក្នុងក្រុមហ៊ុន អុីតាលៀន ថៃ ឌីវើលុបភើមេន ច្រកចូលសណ្ឋាគារ ប៉ាធុមផាឡាស់ ក្នុងឃុំបានម៉ៃស្រុកមឿង ខេត្តប៉ាធុមថានី ប្រទេសថៃ ។
នៅកន្លែងកើតហេតុ គេសង្គេតឃើញមានកម្មករសំណង់ជាច្រើននាក់ បានឈរចោមរោម មើលសពពលករខ្មែរម្នាក់ ដែលបានដេកស្លាប់។ ក្រោយពីសមត្ថកិច្ចថៃបានចុះទៅពិនិត្យ ពគឺសង្គេតឃើញថា មានស្នាមកាប់នឹងវត្ថុមុតស្រួច ចំនួនពីរកន្លែង គឺក្បាលផ្នែកខាងក្រោយមួយកន្លែង និងដៃស្តាំមួយកន្លែង ។
សពនេះមានឈ្មោះ ធុច ចង្រិត ភេទប្រុស អាយុ៣៧ឆ្នាំ ជាពលករខ្មែរ ដែលប្រភពមួយចំនួនបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះរូបនេះ បាន ផឹកស៊ីជាមួយមិត្តភក្តិរបស់គេម្នាក់ ដែលជាពលករមកពីប្រទេសកម្ពុជាដូចគ្នា លុះពេលស្រវឹងទំនងជាមានការទាស់សម្តីគ្នា ទើបត្រូវភាគីម្ខាងប្រើកាំបិតបុ័ងតោ កាប់ស្លាប់ដោយគ្មានអ្នកណាដឹងសោះ ។
ស្ត្រីឈ្មោះ សិរីផាន់ សែនផាប អាយុ៤៩ឆ្នាំ បាននិយាយថា ខណៈដែលខ្លួនកំពុងឈរ ជជែកគ្នាលេងជាមួយនឹងអ្នកគ្រប់គ្រងអគារស្នាក់នៅរបស់កម្មករ នៅឯប៉ុស្តិ៍យាមខាងមុខគឺបានឃើញពលករខ្មែរម្នាក់ ( ជនសង្ស័យ ) ស្លៀកខោជើងវែង ពាក់អាវដៃវែង ព៌ណខៀវ គ្មានពាក់ស្បែកជើង បានដើរចេញទៅក្រៅដោយបានប្រាប់ថា សុំទៅទិញសាច់ក្លែមខាងក្រៅមួយភ្លែត ហើយក៏បាត់រហូត រួចទើបដឹងថា មានករណីនេះកើតឡើង ។
បច្ចុប្បន្ន សពត្រូវបានកម្លាំងសមត្ថកិច្ចជំនាញស្រាវជ្រាវរកអត្តសញ្ញាណ ដើម្បី រៀបចំបញ្ជូនមកឲ្យក្រុមគ្រួសារ សាច់ញាតិ នៅឯប្រទេសកម្ពុជាវិញ ដោយឡែកជនសង្ស័យដែលគេបានស្គាល់អត្តសញ្ញាណច្បាស់ហើយពេលនេះតម្រួតថៃ កំពុងតាមរកចាប់ខ្លួនយកទៅផ្តន្ទាទោសតាមផ្លូវច្បាប់ ៕ វណ្ណា