ព័ត៌មានទាន់ហេតុការណ៍៖

រំលោភកូនស្រីបង្កើតអាយុ១២ឆ្នាំសម្រេច២ដង

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ កូនស្រីបង្កើតដែលអាយុទើបតែ១២ឆ្នាំប៉ុណ្ណោះ មិនគួរណាក្លាយជាជនរងគ្រោះ ត្រូវបិសាចតណ្ហាចាប់រំលោភគ្មានប្រណីសម្រេច២ដង ។ ប៉ុន្តែទើបតែបែកធ្លាយត្រូវសមត្ថកិច្ចចាប់ជនសង្ស័យដាក់ខ្នោះ កាលពីថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨ ហើយបញ្ជូនស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងចាត់ការតាមនីតិវិធី។

លោក ដួង ស៊ីវត្ថា នាយការិយាល័យព្រហ្មទណកម្រិតធ្ងន់បានប្រាប់ឲ្យ​ដឹងថា ឪពុកល្មោភកាម ត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះនោះ បន្ទាប់ពីបែកធ្លាយរឿងចាប់រំលោភកូនស្រីបង្កើតរបស់ខ្លួន ដែលមានអាយុ១២ឆ្នាំ បានសម្រេចចំនួន២ដង កាលពីខែមិថុនា ឆ្នាំ២០១៧ កន្លងទៅ នៅចំណុចក្នុងផ្ទះរបស់ខ្លួន ស្ថិតក្នុងភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ជនសង្ស័យដែលឃាត់ខ្លួនខាងលើ ឈ្មោះ គង់ ភារម្យ អាយុ៤៩ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិឃុំកើតហេតុខាងលើ។

លោកបន្តថា ការឃាត់ខ្លួនជនសង្ស័យខាងលើ គឺដោយសារតែមានពាក្យបណ្តឹងរបស់អ៊ុំប្រុស ដែលត្រូវជាបងបង្កើតរបស់ម្តាយក្មេងស្រីរងគ្រោះ បន្ទាប់ពីបានដឹងថា ក្មួយរបស់គាត់ ត្រូវឪពុកចាប់រំលោភបានសម្រេចរហូតដងទៅ២ដង។

លោកបានបញ្ជាក់ថា បន្ទាប់ពីក្មេងស្រីរងគ្រោះ ត្រូវបានឪពុកបង្កើតរំលោភបា​នសម្រេចចំនួន២ដងរួចមកហើយនោះ ក្មេងស្រីរងគ្រោះក៏បានប្រាប់ម្តាយនាងផងដែរ។ ប៉ុន្តែម្តាយរបស់នាងមិនហ៊ានប្តឹងសមត្ថកិច្ចទេ ព្រោះក្លាចប្តីរបស់ខ្លួនវាយធ្វើបាប។ លុះដល់ថ្ងៃឃាត់ខ្លួនជនសង្ស័យ គឺដោយសារតែក្មេងស្រីរងគ្រោះ បានទៅលេងអ៊ុំបង្កើតរបស់នាង ដែលរស់នៅឯខេត្តកំពង់ចាម។ ភ្លាមនោះអ៊ុំបង្កើតរបស់នាង ក៏បាននាំនាងទៅដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរបាលនៅខេត្តកំពង់ចាមដែរ ប៉ុន្តែសមត្ថកិច្ចមិនទទួលពាក្យបណ្តឹងនោះទេ ព្រោះខុសទឹកដី។

ក្រោយមកអ៊ុំបង្កើតរបស់ក្មេងស្រីរងគ្រោះ ក៏បានធ្វើដំណើរមកខេត្តស្ទឹងត្រែង ដើម្បីដាក់ពាក្យប្តឹង។ បន្ទាប់ពីទទួលបានពាក្យបណ្តឹងនេះ ភ្លាមលោក ដួង ស៊ីវត្ថា នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ក៏បានបញ្ជាកម្លាំង ដើម្បីនាំខ្លួនជនសង្ស័យដើម្បីសួរនាំ ៕


ចែករំលែក៖