ព័ត៌មានទាន់ហេតុការណ៍៖

បុគ្គលិកអេស៊ីលីដា២នាក់ស្លាប់និង៣នាក់រងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅស្រុកកំពង់ស្វាយ​

ចែករំលែក៖

ខេត្តកំពង់ធំ៖ ស្រ្ដីបុគ្គលិកអេស៊ីលីដា២នាក់ស្លាប់ភ្លាមៗ និង៣នាក់រងរបួសធ្ងន់ ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅតាមបណ្តោយផ្លូវជាតិលេខ០៦ កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃសុក្រ ៤រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨ ត្រង់ចំណុចភូមិត្បែង ឃុំត្បែង ស្រុកំពង់ស្វាយ ខេត្តកំពង់ធំ។

តាមប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុឃើញ រថយន្តហ៊ីយិនដាយគ្មានស្លាកលេខ ពណ៌ទឹកប្រាក់លាយបៃតង បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ក្នុងទិសដៅពីលិចទៅកើតលុះកមដល់កន្លែងកើតហេតុស្រាប់តែ រថយន្តបែកកង់ហើយរេចង្កូតទៅបុករថយន្តកាម៉ារី ពណ៌ប្រផះ ពាក់ស្លាកលេខ ភ្នំពេញ 2H5743 ក្នុងទិសដៅផ្ទុយគ្នា និងបន្តទៅបុកម៉ូតូមួយគ្រឿងទៀតមានស្លាកលេខកណ្តាល 1A9184។

តាមប្រភពពត័មានពីសមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះ ទី១. ឈ្មោះ ហ៊ិន សុគន្ធា ភេទស្រី អាយុ ៣០ ឆ្នាំ ជាអ្នកបើកបររថយន្តកាម៉ារី ស្នាក់នៅភូមិពោធិ៍បាក់ក សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ (ស្លាប់), ទី២ ឈ្មោះ ពិន ចិត្រា ភេទស្រី អាយុ ៣២ឆ្នាំ ជាអ្នករួមដំណើរ រស់នៅភូមិកំពង់ក្រប៉ៅ សង្កាត់ កំពង់ក្រប៉ៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ (ស្លាប់), ៣. ឈ្មោះ ទូត លៀង ភេទប្រុស អាយុ ២៤ឆ្នាំ ជាអ្នករួមដំណើរ រស់នៅភូមិ ព្រៃគុយ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ (របួសធ្ងន់), ៤. ឈ្មោះ កែវ សំណាង ភេទប្រុស អាយុ ២១ ឆ្នាំ រស់នៅភូមិ ភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ (របួសធ្ងន់) និង ៥. ធុន តូ ភេទប្រុស អាយុ ៤១ឆ្នាំ ជាអ្នកបើកបរម៉ូតូលក់ចានឆ្នាំង រស់នៅភូមិ ចុងកោះ ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (របួសធ្ងន់) រីឯអ្នកបើកបររថយន្តហ៊ីយិនដាយចុះរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចវាស់វែង ធ្វើកំណត់ហេតុ បញ្ជូន ជនរងគ្រោះរងរបួសទៅមន្ទីរពេទ្យ និងប្រគល់សាកសពអោយសាច់ញាតិក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាង យកមករក្សាទុកនៅអធិការស្រុកកំពង់ស្វាយរង់ចាំការដោះស្រាយ៕ ប៊ុន រិទ្ធី​


ចែករំលែក៖