ខេត្តកណ្ដាល៖ កាលពីថ្ងៃសុក្រ ៤រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨ មនុស្ស៣នាក់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈកំពុងជិះម៉ូឌុបគ្នាត្រូវបានរថយន្ដស៊េរីទំនើបម៉ាកRANGROVERមួយគ្រឿងបើបុកពេញមួយទំហឹងនៅលើកំណាត់ផ្លូវ១១៥ ស្ថិតក្នុងភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
សមត្ថកិច្ចថ្លែងថា ជនរងគ្រោះបាត់បង់ជីវិតមានគ្នា៣នាក់ ពុំទាន់ស្គាល់អត្តសញ្ញាណ ជិះម៉ូតូឌុបគ្នា រីឯរថយន្តបង្កម៉ាកRANGROVER ពាក់ស្លាកលេខ2U-6977 អ្នកបើករត់គេចខ្លួនបាត់។
សាក្សីប្រាប់ថា នៅមុនដំបូង គេឃើញរថយន្តបង្កបើកក្នុងទិសដៅពីព្រែកហូរឆ្ពោះទៅស្តុបព្រែកសំរោង (ពីលេចទៅកើត) លើកំណាត់ផ្លូវជាតិលេខ១១៥ ដោយលកបឿនលឿន លុះមកដល់ចំណុចកើតហេតុបានជ្រុលទៅបុកម៉ូតូជនរងគ្រោះដែលជិះគ្នា៣នាក់ពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះទាំង៣នាក់ស្លាប់នៅកន្លែងកើតហេតុ ហើយឡានព្យាយាមបើករត់គេចខ្លួនប្រមាណ១គីឡូម៉ែត្រ សមត្ថកិច្ចអន្តរាគមន៍ស្ទាក់ចាប់បាន ហើយជនបើកឡានបង្ករត់គេចខ្លួនបាត់ ៕