ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានភូមិបាលស្រុកកំពង់ស្វាយចេញប្លង់ដីព្រៃឲ្យទៅឈ្មួញយកធ្វើជាកម្មសិទ្ធិទាំងបំពាន

ចែករំលែក៖

ខេត្តកំពង់ធំ៖ បែកធ្លាយរឿងអាស្រូវ ប្រធានការិយាល័យរៀបចំដែនដី នគរូប នីយកម្ម សំណង់ និងភូមិបាលស្រុកកំពង់ស្វាយឃុបឃិតជាមួយឈ្មួញនិងអាជ្ញាធរភូមិ-ឃុំលួចចេញប្លង់កម្មសិទ្ធិប្រើប្រាស់ដីធ្លីដោយខុសច្បាប់រំលោភយកដីទួលអ្នកតាមួយកន្លែងធ្វើឲ្យប្រជាពលរដ្ឋរិះគន់ យ៉ាងខ្លាំង។

ប្រជាពលរដ្ឋបាននិយាយថា លោក ឡឹក យ័ន ប្រធានការិយាល័យភូមិបាលស្រុក កំពង់ស្វាយបានចេញកម្មសិទ្ធិដីធ្លី (ដីព្រៃ អ្នកតា)ដែលអ្នកភូមិរក្សាទុកសម្រាប់រកអុស បោចវល្លិ និងគោរពបូជាស្ថិតជាប់ព្រៃ សហគមន៍ព្រៃហុំក្នុងឃុំដំរីស្លាប់ ស្រុក កំពង់ស្វាយ ខេត្តកំពង់ធំឲ្យទៅឈ្មួញយកធ្វើកម្មសិទ្ធិឯកជនយ៉ាងរំភើយ ។

ប្រជាពលរដ្ឋបានបន្តថា លោក ឡឹក យ័ន ប្រធានការិយាល័យភូមិបាលស្រុក កំពង់ស្វាយថ្លើមធំណាស់ហ៊ានចេញប្លង់ កម្មសិទ្ធិដីធ្លីខុសច្បាប់ (ដីព្រៃរួម)ឱ្យឈ្មោះ ឆេង គូ ជាមេឈ្មួញឈូសឆាយដីនៅឃុំ សាន់គរ ស្រុកកំពង់ស្វាយ និងបានដាក់គ្រឿងចក្រឈួសឆាយដីព្រៃអ្នកតាដែល អ្នកភូមិគោរពបូជាតាំងពីដូនតាមកម្លេ៉ះ។ ប្រភពបានបន្តទៀតថា ឈ្មួញរកស៊ីឈូស ឆាយដីខាងលើមិនដឹងជាមានអំណាចប៉ុនណាទេបានជាហ៊ានដាក់គ្រឿងចក្រទៅឈួសឆាយព្រៃអ្នកតានៅជាប់នឹងព្រៃសហ គមន៍មិនខ្វល់ពីផលប៉ះពាល់ជាមួយប្រជាពលរដ្ឋរាប់រយគ្រួសារឡើយ ។

ជាក់ស្តែងកាលពីថ្ងៃសុក្រ ៤រោច ខែ បុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ត្រូវនឹង ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨ លោកព្រះរាជអាជ្ញាសាលាដំបូងខេត្តកំពង់ធំ និងមន្ត្រី ជំនាញរដ្ឋបាលព្រៃឈើបានឃាត់ខ្លួនឈ្មោះ ឆេង គូ ជាអ្នកឈូសឆាយរំលោភយកដីព្រៃអ្នកតានេះទៅសួរនាំអំពីរឿងហេតុអ្វី បានជាហា៊នឈូសយកដីព្រៃរួម(ព្រៃទួលអ្នកតា) ប៉ុន្តែត្រូវបានម្ចាស់គ្រឿងចក្របានអះអាងថា ខ្លួនមានប្លង់កម្មសិទ្ធិត្រឹមត្រូវ ចេញដោយមន្ត្រីសុរិយាដី។ បច្ចុប្បន្នសមត្ថ កិច្ចជំនាញរដ្ឋបាលព្រៃឈើ និងស្ថាប័ន តុលាការកំពុងតែស៊ើបអង្កេតលើករណីនេះបន្ថែមទៀត ។

នគរវត្តមិនអាចទាក់ទងសុំការបំភ្លឺពីលោក ឡឹក យ័ន ប្រធានការិយាល័យរៀបចំ ដែននគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកកំពង់ស្វាយបាននោះទេ ៕ ប៊ុន រិទ្ធី


ចែករំលែក៖