ភ្នំពេញ៖ នៅព្រឹកម៉ោង១០ ថ្ងៃសៅរ៍ ៥រោច ខែបុស្ស ឆ្នាំ រកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ ២០១៨ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានសហការជាមួយកម្លាំងសមត្ថកិច្ចនគរបាលឃុំកន្ទូត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ស្រាវជ្រាវតាមចាប់បានជនសង្ស័យម្នាក់ ដែលលួចកាត់ ក ម៉ូតូស្ត្រីរងគ្រោះម្នាក់បានសម្រេច កាលពីពេលកន្លងមកនៅត្រង់ចំណុចផ្សារទូលសំបូរ ស្ថិតនៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោយពីស្ត្រីរងគ្រោះបាត់ម៉ូតូហើយទៅដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍។
សមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានប្រាប់ឲ្យដឹងថា ជនសង្ស័យខាងលើដែលឃាត់ខ្លួនបាន មានឈ្មោះ ហិន និត ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិន ពិតប្រាកដ មានទីលំនៅភូមិស្វាយលិច ឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ ចំណែកស្ត្រីជនរងគ្រោះឈ្មោះ ចាន់ សុខា ភេទស្រី អាយុ៥៩ឆ្នាំជនជាតិខ្មែរ មុខរបរធ្វើម្ហូបការ មានទីលំនៅភូមិត្រពាំង ចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យក៖ កាបូបតូចពណ៌ខ្មៅមួយ, រថយន្តម៉ាកកូរ៉ូឡា ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ2D-0332 មានលេខតួ INXBB02E2T 2419293 មានលេខម៉ាស៊ីន110666 សេរីឆ្នាំ ១៩៩៦ ។
សមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានប្រាប់បន្តថាមុន នឹងឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើគឺកាលពី ខែធ្នូ ឆ្នាំ២០១៧ កន្លងមក ជនរងគ្រោះឈ្មោះ ចាន់ សុខា បានជិះម៉ូតូ០១គ្រឿងម៉ាកហុងដាសេ ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០០៨ ពាក់ស្លាកលេខ ភ្នំពេញ1U-7461 ចេញពីផ្ទះស្ថិតនៅភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានី ភ្នំពេញ ទៅផ្សារទូលសំបូរ ស្ថិតនៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
នៅពេលទៅដល់ជនរងគ្រោះក៏បានទុកម៉ូតូចាក់សោរករួចដកសោ ដោយទុកម៉ូតូនៅលើចិញ្ចើមផ្លូវមុខផ្សារទួលសំបូរ ហើយក៏បានដើរចូលផ្សារដើម្បីទិញម្ហូប និងសំភារ ប្រើប្រាស់ផ្សេងៗ ។ ជនរងគ្រោះបានដើរចេញពីផ្សារមកវិញ ស្រាប់តែបាត់ម៉ូតូម៉ាកខាងលើ ហើយជនរងគ្រោះក៏បានមករាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃវែង ។ ពេលនោះសមត្ថកិច្ចយើងក៏បានចុះទៅអន្តរាគមន៍ដល់កន្លែងកើតហេតុ សាកសួរជនរងគ្រោះ បំភ្លឺសាក្សី ឆែកមើលកាមេរ៉ាសុវត្ថិភាព ដែលបំពាក់នៅមុខផ្ទះរបស់ឈ្មោះ ឈួន ស្រីលាភ ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ បានស្គាល់ ភិនភាគជនសង្ស័យ មានមុខរាងសំប៉ែត សម្បុរខ្មៅស្រអែម សក់ស្លូត ទំពែកក្បាលផ្នែកខាងមុខ(ក្បាលឆក) កំពស់ ប្រហែល១៥៥សង់ទីម៉ែត្រ ភេទប្រុស អាយុប្រហែល៥១ឆ្នាំ មិនស្គាល់ទីលំនៅ ដែលជាអ្នកធ្វើសកម្មភាព លួចម៉ូតូម៉ាកខាងលើជិះគេចខ្លួនបាត់ ។
សមត្ថកិច្ចបានបន្តថា លុះដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១០ និង០០នាទី សមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានសហការជាមួយកម្លាំងសមត្ថកិច្ចនគរបាលឃុំកន្ទូត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ស្រាវជ្រាវតាមភិនភាគខាងលើ រហូតដល់ចំណុចខាងមុខផ្សារកន្ទូត ស្ថិតនៅឃុំកន្ទូត ស្រុកកណ្តាលស្ទឹង ខេត្ត កណ្តាល សមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យខាងលើ និងប្រពន្ធជនសង្ស័យម្នាក់ទៀត ដែលបានជិះរថយន្តម៉ាកកូរ៉ូឡា ពណ៌បៃតង ពាក់ស្លាកលេខភ្នំពេញ2D-0332 សេរីឆ្នាំ ១៩៩៦ មួយគ្រឿងនៅផ្សារកន្ទូតខាងលើ រួចសមត្ថកិច្ចក៏ឃាត់ខ្លួនយកមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់ ។
ក្រោយពីសាកសួរជនសង្ស័យឈ្មោះ ហ៊ិន និត បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចឲ្យដឹងថា រូបគេ (ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាពលួចម៉ូតូម៉ាកខាងលើរបស់ជនរងគ្រោះឈ្មោះ ចាន់ សុខា ប្រាកដមែន និងបានធ្វើសកម្មភាពលួចម៉ូតូជាច្រើនលើកទៀតក្នុងរាជធានីភ្នំពេញ ផងដែរ ។ បន្ទាប់មកទៀតសមត្ថកិច្ចក៏បានជួនដំណឹងទៅ ជនរងគ្រោះឲ្យមកមើលមុខជនសង្ស័យ និងដាក់ពាក្យបណ្តឹងចំជនសង្ស័យ (ឈ្មោះ ហ៊ិន និត) ដើម្បីអោយ សមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង ។
បច្ចុប្បន្នជនសងសង្ស័យខាងលើកំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោរាជធានីភ្នំពេញ ដើម្បីកសាសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមផ្លូវច្បាប់៕ ភារ៉ា ដង្កោ