ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃ១០មករា​ តុលាការកាត់ទោសឧកញ៉ា​ ជួប​ ច័ន្ទ​​ ,​ដើមបណ្តឹង​សង្ឃឹមថា​ តុលាការនឹងផ្តន្ទាទោសឲ្យធ្ងន់ធ្ងរ

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី១០​ ខែមករា​ ឆ្នាំ២០១៨​ ខាងមុខនេះ​ សាលាដំបូងរាជធានីភ្នំពេញ​ នឹងកាត់ទោសឧកញ៉ា​ ជួប​ ច័ន្ទ​ ពាក់ព័ន្ធបទល្មើសចេញសែកគ្មានសាច់ប្រាក់ចំនួនមួយលានដុល្លារអាមេរិក​ ។​ ចន្លោះពេលនេះ​ លោក​ លីវ​ វុទ្ធី​ តំណាងឲ្យក្រុមហ៊ុនលោកឧកញ៉ា​ គឹម​ កៅ​ សង្ឃឹមថាតុលាការនឹងផ្តន្ទាទោសជនជាប់ចោទឲ្យបានធ្ងន់ធ្ងរ​ ព្រមទាំងសងសំណង​ និង​ សំណងជំងឺចិត្តផងដែរ។

មន្ត្រីតុលាការ​ បញ្ជាក់ថា​ សវនាការនេះដឹកនាំដោយលោក​ ហេង​ សុខណា​ ជាចៅក្រមជំនុំជម្រះ​ និង​ លោកស្រី​ ស៊ឺ​ វណ្ណនី​ ជាតំណាងអយ្យការ​ ។

គួរបញ្ជាក់ថា​ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី០៩​ ខែវិច្ឆិកា ឆ្នាំ២០១៧ បានចាប់ខ្លួនឧកញ៉ា ជួប ច័ន្ទ ម្ដងទៀតតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ​ ពាក់ព័ន្ធនឹងករណី​ចេញសែកគ្មានសាច់ប្រាក់ចំនួនមួយលានដុល្លារអាមេរិក។

ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្លាប់សម្រេចដោះលែងឧកញ៉ាជួប ច័ន្ទ ម្តងរួចមកហើយបន្ទាប់ពីយល់ឃើញថា សែកមួយសន្លឹកតម្លៃមួយលាន​ដុល្លារដែលភាគីដើមបណ្ដឹងបានទទួលពុំមានសុពលភាពទៀតទេ ព្រោះត្រូវបានលុបជាស្វ័យប្រវត្តិដោយដីការក្សាការពារមួយរួចទៅហើយ ។

ឧកញ៉ា ជួប ច័ន្ទ រងបណ្តឹងព្រហ្មទណ្ឌពីលោក លីវ វុទ្ធី តំណាងឲ្យក្រុមហ៊ុន គឹម កៅ ដែលជាកូនប្រុសលោកឧកញ៉ា គឹម ហាប់ ថាបានចេញមូលប្បទានបត្រគ្មានសាច់ប្រាក់ចំនួនមួយលានដុល្លារអាមេរិក កាលពីឆ្នាំ២០១៥ ។

លោក​ លីវ​ វុទ្ធី​ ជាដើមបណ្តឹង​ អះអាងថា​ ឧកញ៉ា ជួប ច័ន្ទ ជាប់ពាក់ព័ន្ធនឹងរឿងលុយកាក់រកស៊ីជាមួយគ្នា​ នឹងក្រុមហ៊ុនលោកឧកញ៉ា គឹម កៅ លើទឹកប្រាក់​ប្រមាណ៣លាន៥សែនដុល្លារអាមេរិក ។​ ប៉ុន្តែក្រោយមក​ លោកឧញ៉ា គឹម កៅ បានទារប្រាក់បំណុលនោះវិញ តែភាគីទាំងពីរ​ បានធ្វើកិច្ចព្រមព្រៀងមួយនៅចំពោះមុខ​មេធាវីទាំងសងខាងបញ្ជាក់អំពីសុពលភាពនៃទឹកប្រាក់ដែលរកសុីជាមួយគ្នា ទើបឧកញ៉ា ជួប ច័ន្ទ ចេញសែកឲ្យទៅលោកឧកញ៉ា គឹម កៅ ដែលមានទឹកប្រាក់ចំនួនមួយលានដុល្លារ លើកទី១ ដោយបានកំណត់ឲ្យម្ចាស់បំណុលទៅបើកនៅធនាគារនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧​ ។ ប៉ុន្តែកិច្ចព្រមព្រៀងបានបញ្ជាក់ថាសែកនោះពុំមានលុយទេ ។

លុះពេលលោកឧកញ៉ា គឹម កៅ យកសែកទៅបើកលុយ ស្រាប់តែធនាគារបញ្ជាក់ដូចគ្នាថាមូលប្បទានបត្រននេះគ្មានសាច់ប្រាក់ទេ ទើបលោក លីវ វុទ្ធី តំណាងឲ្យលោកឧកញ៉ា គឹម កៅ ប្ដឹងឧកញ៉ា ជួប ច័ន្ទ តែម្ដង ។

ឧកញ៉ា​ ជួប​ ច័ន្ទ​ ធ្លាប់ត្រូវតុលាការដោះលែងម្តង​ ត្រូវបានមន្ត្រីតុលាការសុំមិនបញ្ចេញមួយរូប​ អះអាងថា​ ឧកញ៉ា​ជួប ច័ន្ទ​ បានចំណាយប្រាក់ដល់ទៅ៥មុឺនដុល្លារឲ្យឧកញ៉ាម្នាក់​រត់ការមកអយ្យការដើម្បីឲ្យមានការដោះលែង​និងបញ្ចប់រឿងក្ដីនេះ តែសំណុំរឿងនេះមិនបញ្ចប់ឡើយ​ រហូតមានការចាប់ខ្លួនឧកញ៉ា​ ជួប​ ច័ន្ទ​ ដាក់ពន្ធនាគារសាជាថ្មី៕ ចេស្តា


ចែករំលែក៖