ព័ត៌មានទាន់ហេតុការណ៍៖

សពក្មេងស្រីម្នាក់ ត្រូវប្រជាពលរដ្ឋប្រទះឃើញអណ្តែតទឹក

ចែករំលែក៖

ខេត្តកោះកុង៖ សាកសពក្មេងស្រីម្នាក់ត្រូវបានពលរដ្ឋប្រទះឃើញអណ្តែតទឹក នៅចំនុចក្រោយការ៉ាសសាំង លឹម លុង ស្ថិតក្នុងភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨ ។

យោងតាមប្រភពពីឈ្មោះ ហង្ស មុំ (ជីដូនក្មេងស្រីរងគ្រោះ) រស់នៅផ្ទះជួល ក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង មានមុខរបរស៊ីឈ្មូលកាប់ខ្យងជំពុះទា បានអោយដឹងថា កាលពីថ្ងៃទី៦ ខែមករា ម្សិលម៉ិញ រូបគាត់បានមកកន្លែងកាប់ខ្យង (កូគីម៉ិច) ដែលមានទីតាំងស្ថិតក្នុងភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ និងបាននាំចៅស្រី(ក្មេងស្រីរងគ្រោះ)មកជាមួយដែរ តែដោយសារគាត់រវល់កាប់ខ្យងរហូតដល់វេលាម៉ោង៤.៣០នាទី ក៏បានបាត់ចៅស្រី ពេលនោះរូបគាត់ និងអ្នកធ្វើការជាមួយគ្នាបាននាំគ្នាដើររកដែរតែមិនឃើញ ពេលនោះរូបគាត់បានគិតថាប្រហែលជាចៅស្រីរបស់គាត់ធ្លាក់ទឹកហើយ រហូតមកដល់ព្រឹកថ្ងៃទី៧ ខែមករា នេះទើបប្រទះឃើញសាកសពក្មេងស្រីរងគ្រោះអណ្តែកទឹកតែម្តង ។

ក្រោយការពិនិត្យនិងធ្វើកោសល្យវិច្ច័យរួចរាល់ សមត្ថកិច្ចបានប្រគល់សពក្មេងស្រីរងគ្រោះអោយទៅក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ។

សូមរំលឹកថាបងប្អូនពលរដ្ឋមួយចំនួនដែលរស់នៅអែបមាត់ទឹក ឬធ្វើការនៅក្បែរទឹកព្រែក ត្រពាំង ស្រះ ។ល។ មេត្តាបង្កើននូវការប្រុងប្រយ័ត្នអោយខ្ពស់ចំពោះក្មេងតូចៗដើម្បីជៀសវៀងនូវការជួបនូវឩបត្តិហេតុណាមួយដែលបណ្តាលអោយមានការស្តាយក្រោយដូចករណីនេះជាដើម ៕

ប្រភពពីគេហទំព័រក្នុងស្រុក


ចែករំលែក៖