ភ្នំពេញ៖ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ខាងមុខនេះ សាលាដំបូងរាជធានីភ្នំពេញ នឹងកាត់ទោសឧកញ៉ា ជួប ច័ន្ទ ពាក់ព័ន្ធបទល្មើសចេញសែកគ្មានសាច់ប្រាក់ចំនួនមួយលានដុល្លារអាមេរិក ។ ចន្លោះពេលនេះ លោក លីវ វុទ្ធី តំណាងឲ្យក្រុមហ៊ុនលោកឧកញ៉ា គឹម កៅ សង្ឃឹមថាតុលាការនឹងផ្តន្ទាទោសជនជាប់ចោទឲ្យបានធ្ងន់ធ្ងរ ព្រមទាំងសងសំណង និង សំណងជំងឺចិត្តផងដែរ។
មន្ត្រីតុលាការ បញ្ជាក់ថា សវនាការនេះដឹកនាំដោយលោក ហេង សុខណា ជាចៅក្រមជំនុំជម្រះ និង លោកស្រី ស៊ឺ វណ្ណនី ជាតំណាងអយ្យការ ។
គួរបញ្ជាក់ថា សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ បានចាប់ខ្លួនឧកញ៉ា ជួប ច័ន្ទ ម្ដងទៀតតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណីចេញសែកគ្មានសាច់ប្រាក់ចំនួនមួយលានដុល្លារអាមេរិក។
ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្លាប់សម្រេចដោះលែងឧកញ៉ាជួប ច័ន្ទ ម្តងរួចមកហើយបន្ទាប់ពីយល់ឃើញថា សែកមួយសន្លឹកតម្លៃមួយលានដុល្លារដែលភាគីដើមបណ្ដឹងបានទទួលពុំមានសុពលភាពទៀតទេ ព្រោះត្រូវបានលុបជាស្វ័យប្រវត្តិដោយដីការក្សាការពារមួយរួចទៅហើយ ។
ឧកញ៉ា ជួប ច័ន្ទ រងបណ្តឹងព្រហ្មទណ្ឌពីលោក លីវ វុទ្ធី តំណាងឲ្យក្រុមហ៊ុន គឹម កៅ ដែលជាកូនប្រុសលោកឧកញ៉ា គឹម ហាប់ ថាបានចេញមូលប្បទានបត្រគ្មានសាច់ប្រាក់ចំនួនមួយលានដុល្លារអាមេរិក កាលពីឆ្នាំ២០១៥ ។
លោក លីវ វុទ្ធី ជាដើមបណ្តឹង អះអាងថា ឧកញ៉ា ជួប ច័ន្ទ ជាប់ពាក់ព័ន្ធនឹងរឿងលុយកាក់រកស៊ីជាមួយគ្នា នឹងក្រុមហ៊ុនលោកឧកញ៉ា គឹម កៅ លើទឹកប្រាក់ប្រមាណ៣លាន៥សែនដុល្លារអាមេរិក ។ ប៉ុន្តែក្រោយមក លោកឧញ៉ា គឹម កៅ បានទារប្រាក់បំណុលនោះវិញ តែភាគីទាំងពីរ បានធ្វើកិច្ចព្រមព្រៀងមួយនៅចំពោះមុខមេធាវីទាំងសងខាងបញ្ជាក់អំពីសុពលភាពនៃទឹកប្រាក់ដែលរកសុីជាមួយគ្នា ទើបឧកញ៉ា ជួប ច័ន្ទ ចេញសែកឲ្យទៅលោកឧកញ៉ា គឹម កៅ ដែលមានទឹកប្រាក់ចំនួនមួយលានដុល្លារ លើកទី១ ដោយបានកំណត់ឲ្យម្ចាស់បំណុលទៅបើកនៅធនាគារនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ ។ ប៉ុន្តែកិច្ចព្រមព្រៀងបានបញ្ជាក់ថាសែកនោះពុំមានលុយទេ ។
លុះពេលលោកឧកញ៉ា គឹម កៅ យកសែកទៅបើកលុយ ស្រាប់តែធនាគារបញ្ជាក់ដូចគ្នាថាមូលប្បទានបត្រននេះគ្មានសាច់ប្រាក់ទេ ទើបលោក លីវ វុទ្ធី តំណាងឲ្យលោកឧកញ៉ា គឹម កៅ ប្ដឹងឧកញ៉ា ជួប ច័ន្ទ តែម្ដង ។
ឧកញ៉ា ជួប ច័ន្ទ ធ្លាប់ត្រូវតុលាការដោះលែងម្តង ត្រូវបានមន្ត្រីតុលាការសុំមិនបញ្ចេញមួយរូប អះអាងថា ឧកញ៉ាជួប ច័ន្ទ បានចំណាយប្រាក់ដល់ទៅ៥មុឺនដុល្លារឲ្យឧកញ៉ាម្នាក់រត់ការមកអយ្យការដើម្បីឲ្យមានការដោះលែងនិងបញ្ចប់រឿងក្ដីនេះ តែសំណុំរឿងនេះមិនបញ្ចប់ឡើយ រហូតមានការចាប់ខ្លួនឧកញ៉ា ជួប ច័ន្ទ ដាក់ពន្ធនាគារសាជាថ្មី៕ ចេស្តា