ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់គោកឃ្លាង សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ឃ្មួញ រួមនឹងកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌបានឃាត់ខ្លួន បន្ទាប់ពីរូបគេលួចម៉ូតូ១គ្រឿង ពីសង្កាត់គោកឃ្លាង ហើយយកទៅលាក់ទុកនៅសង្កាត់ឃ្មួញ ដោយសមត្ថកិច្ចប្រើរយះពេលតែកន្លះម៉ោងប៉ុណ្ណោះ។
ករណីនេះកើតឡើងកាលពីថ្ងៃចន្ទ ៧រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១៣និង ២០នាទី នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវសម្តេចជាស៊ីម ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចប្រាប់ថាជនសង្ស័យឈ្មោះ វិន គឹមហេង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិសែនសុខ៧ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (មានសារធាតុញៀនក្នុងទឹកនោម)។
ចំណែកជនរងគ្រោះ ឈ្មោះ ស៊ីថា វុឌ្ឍិកា ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ៦ ផ្លូវបេតុង ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ម៉ូតូជនរងគ្រោះ ម៉ាកស៊ុយសុីគីនិចពណ៌ស សេរីឆ្នាំ២០១៤ គ្មានស្លាកលេខ (ប្រគល់ឲ្យជនរងគ្រោះវិញ) ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើត ជនរងគ្រោះបានជិះម៉ូតូរបស់ខ្លួនមកលេងផ្ទះមិត្តភក្តិ នៅចំណុចកើតហេតុ ពេលជនរងគ្រោះមកដល់បានទុកម៉ូតូរបស់ខ្លួន នៅខាងមុខផ្ទះដោយបានចាក់សោរកម៉ូតូ រួចជនរងគ្រោះបានចូលទៅក្នុងផ្ទះ បានមួយសន្ទុះ ពេលជនរងគ្រោះចេញពីក្នុងផ្ទះមកវិញស្រាប់តែបាត់ម៉ូតូមិនឃើញ រួចជនរងគ្រោះបានទូរសព្ទ័ប្រាប់ឱពុករបស់ខ្លួន នឹងបានបើក GPS មើលតាមទូរសព្ទ័ដៃ ដឹងថា ម៉ូតូដែលខ្លួនបាត់ត្រូវបានជនសង្ស័យលួចយកទៅលាក់ទុកនៅភូមិសែនសុខ៧ សង្កាត់ឃ្មួញ ហើយជនរងគ្រោះបានផ្តល់ព័ត៌មានដល់មត្ថកិច្ចប៉ុស្តិ៍ឃ្មួញឃាត់ខ្លួនជនសង្ស័យខាងលើកយកមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង ក្នុងនោះគេឃើញវត្តមានលោក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌក៍បានចុះទៅកន្លែងកើតហេតុផងដែរ ហើយសមត្ថកិច្ចបាន(ប្រគល់ម៉ូតូឲ្យជនរងគ្រោះវិញ) ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមច្បាប់៕ តុង សីហា