ព័ត៌មានទាន់ហេតុការណ៍៖

ជិះកង់ពីភ្នំពេញមកធ្វើសកម្មភាពលួចម៉ូតូនៅស្រុកស្អាងមិនបានសម្រេចត្រូវបាននគរបាលចាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាលៈ ជនសង្ស័យជាមុខសញ្ញាលួចម៉ូតូសកម្មម្នាក់បានជិះកង់ពីភ្នំពេញរហូតមកដល់ស្រុក ខណៈដែលឃើញម៉ូតូរបស់ជនរងគ្រោះមានសោនិងម៉ូតូដោយភ្លេចដោះ ក៏ទុកកង់របស់ខ្លួនចោល រួចជិះគេចខ្លួនតែមិនបានសម្រេចត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្អាងចាប់ខ្លួន ។ ករណីប៉ុនប៉ងលួចខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៨និង១០នាទី ថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល ។

មន្រ្ដីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ អៀង ហឿន ហៅទក ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះលេខ១៧១ ផ្លូវលេខ២១BT ស្ថិតក្នុងភូមិបឹងទំពន់៤ សង្កាត់បឹងទំពន់ ខណ្ឌ័មានជយ័ រាជធានីភ្នំពេញ ។ ចំណែកឯជនរងគ្រោះឈ្មោះ មាស សូម៉ាលី ភេទស្រី អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកកែវ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល ។ ក្នុងការចាប់ខ្លួននេះផងដែរ សមត្ថកិច្ចធ្វើការដកហូតវត្ថុតាងមាន៖ ម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ1FE-9549 និងកង់ចំនួន០១គ្រឿង(របស់ជនសង្សយ័ជិះធ្វើសកម្មភាព) ។

ប្រភពដដែលបន្ដថា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ វេលាម៉ោងប្រមាណ៨ព្រឹក ជនរងគ្រោះឈ្មោះ មាស សូម៉ានី បានជិះម៉ូតូរបស់ខ្លួនចេញពីផ្ទះឆ្ពោមកភូមិស្វាយជួរ រួចបានចុះពីលើម៉ូតូ តែពុំបានដកកូនសោចេញនោះទេ ហើយដើរសំដៅចូលទិញទឹកសុទ្ធ ប្រហែលមួយសន្ទុះក្រោយមកស្រាប់តែបានឃើញជនសង្សយ័ឈ្មោះ អៀង ហឿន ហៅទក ឡើងជិះម៉ូតូចេញដោយបន្សល់កង់០១គ្រឿងនៅកន្លែងកើតហេតុ ដោយសំដៅឡើងទៅភ្នំពេញ ភ្លាមនោះស្រ្ដីរងគ្រោះជាម្ចាស់ក៏ស្រែកឆោឡោបានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថថា ខណៈដែលកម្លាំងនគរបាលបានទទួលពត៌មាន ភ្លាមនោះកម្លាំងសមត្ថកិច្ចបានចេញពួនស្ទាក់រហូតចាប់បានជនសង្យ័យនៅចំនុចភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល រួចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖