ព័ត៌មានទាន់ហេតុការណ៍៖

គាស់ផ្ទះ​អ្នក​លក់​ថ្នាំ​ពេទ្យ​​នៅខណ្ឌ​ចំការមនបាត់អស់ជាង​៤០​ម៉ឺន​ដុល្លារដោយសុវត្ថិភាព

ចែករំលែក៖

ភ្នំពេញ៖ ក្រុមចោរមួយក្រុម បាននាំគ្នាធ្វើសកម្មភាពគាស់ផ្ទះអាជីវករ​លក់​ថ្នាំ​ពេទ្យ​មួយ​កន្លែង​នៅក្នុងទឹកដីខណ្ឌចំការមន ខណៈដែលម្ចាស់ផ្ទះបានចាក់សោរទ្វារនាំគ្នាចេញក្រៅ យកទ្រព្យសម្បត្តិនឹងថវិកាសរុបទៅអស់ជាង៤០ម៉ឺនដុល្លារ ដោយសុវត្ថិភាព មិនរំខាន់ដល់សមត្ថកិច្ចមូលដ្ឋាននោះឡើយ ។

ករណីនេះបានកើតឡើងកាលពីល្ងាចថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ៣៣៨ ក្រុមទី ៩ ភូមិទី ៤ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះ សេង ភេទ ប្រុស អាយុ៧២ ឆ្នាំ មុខរបរ លក់ថ្នាំពេទ្យ ទីលំនៅផ្ទះកើតហេតុខាងលើនេះ ។

យោងតាមប្រភពព័ត៌មានពីម្ចាស់ផ្ទះ បានឲ្យដឹងថានៅក្នុងផ្ទះកើតហេតុខាងលើនេះ មានសមាជិករស់នៅមានគ្នា៦នាក់ ក្នុងនោះនុស្សប្រុស២នាក់ អ្នកនៅជាមួយ(អ្នកបម្រើ២នាក់) លុះនៅថ្ងៃទី ៩ ខែមករា ឆ្នាំ២០១៨ នៅវេលាម៉ោង៨ព្រឹក(ថ្ងៃកើតហេតុ) ប្តីប្រពន្ធម្ចាស់ផ្ទះ និងអ្នកបម្រើ២នាក់ បាននាំគ្នាទៅជួយលក់ដូរ នៅផ្សារអូឡាំពិក ។ ចំណែកកូន២នាក់ទៀតចេញទៅរៀន ដោយបានចាក់សោទ្វារផ្ទះត្រឹមត្រូវ ។ លុះដល់ម៉ោងកើតហេតុខាងលើ ក៏ត្រឡប់ពីលក់ដូរនៅផ្សារដោយត្រឡប់មកផ្ទះវិញ ស្រាប់តែឃើញទ្វារផ្ទះចំហរ និងស្នាមកាត់ស្រយ៉ូវទ្វារ ពេលចូលទៅដល់ក្នុងផ្ទះទើបដឹងថា ចោរគាស់ផ្ទះ យកលុយនិងទ្រព្យសម្បត្តិអស់រលីង ក៏បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកត្រួតពិនិត្យមើលតែម្តង ។

ប្រភពដដែល បានបន្តទៀតថាសម្ភារៈបាត់បង់រួមមាន៖ ប្រាក់ដុល្លារចំនួន៣៨០.០០០ដុល្លារ និងគ្រឿងអលង្កាមួយចំនួន ប្រហែល១០.០០០ដុល្លារផងដែរ ទឹកប្រាក់សរុប៤៨០.០០០ដុល្លារអាមេរិក ។

ក្រោយកើតហេតុ សមត្ថកិច្ចបានត្រឹមតែជូនជនរងគ្រោះទៅដាក់ពាក្យបណ្ដឹង ដើម្បីកំណត់មុខសញ្ញាជនសង្ស័យស្វែងរកចាប់ខ្លួនតាមនីតិវិធី ៕ ស រស្មី


ចែករំលែក៖