ព័ត៌មានទាន់ហេតុការណ៍៖

តុលាការកំពុងស៊ើបអង្កេតការស្លាប់អ្នកទោសក្នុងពន្ធនាគារខេត្តកណ្តាល,តម្រុយជាច្រើន បង្ហាញថា ជាការវៃតប់គ្នា

ចែករំលែក៖

ខេត្តកណ្តាល៖ មន្ត្រីតុលាការ​ ថ្លែងថា​ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្តាល ពេលនេះកំពុងស៊ើបអង្កេត ការស្លាប់របស់អ្នកទោសក្នុងពន្ធនាគារខេត្តកណ្តាល ដោយតម្រុយជាច្រើនបង្ហាញថាជាការវៃតប់គ្នារហូតដល់ស្លាប់ ។ ប៉ុន្តែលោក ចាត ស៊ីនាង ប្រធាពន្ធនាគារខេត្តកណ្តាល​ បដិសេធការលើកឡើងនេះ ។

មន្ត្រីតុលាការ​ និយាយឱ្យដឹងនៅថ្ងៃទី១១​ ខែមករា​ ថា​ លោក​ ឯក​ ស៊ុនរស្មី​ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្តាល​ ធ្លាប់កោះអញ្ជើញម្តាយនៃសពអ្នកទោសមកបំភ្លឺរួចហើយ​ ។ ពេលនេះ​ តុលាការកំពុងបន្តនីតិវិធីដោយពុំទាន់សម្រេចយ៉ាងណានៅឡើយទេ​។

ករណីនេះ​ ម្តាយនៃសព​អះអាងថា​ កូនប្រុសមានស្លាកស្នាមច្រើនដែលមិនទំនងជាការលោតសម្លាប់នោះទេ​ ហើយលោកស្រីជាគ្រូបង្រៀនរូបនេះ​ បានប្តឹងករណីនេះចូលតុលាការ ដើម្បីស្វែងរកការពិត​ ។​

មន្ត្រីតុលាការ​ ថ្លែងថា​ ជនត្រូវចោទឈ្មោះ​ មុត​ ​លីណាន​ ភេទប្រុស​ អាយុ៣១ឆ្នាំ​ ជាប់ចោទពីបទ”ធ្វើឱ្យខូចខាតដោយចេតនា”ប្រព្រឹត្តនៅភូមិទេពអរជូន​ ឃុំកោះខែល​ ស្រុកស្អាង​ កាលពីថ្ងៃទី១២​ ខែធ្នូ​ ឆ្នាំ២០១៧​ តាមមាត្រា៤១០នៃក្រមព្រហ្មទណ្ឌ។​ ជននេះ​ ត្រូវបានលោក​ គឹម​ ម៉េង​ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល​ ឃុំខ្លួននៅថ្ងៃទី១៣​ ខែធ្នូ​ ឆ្នាំ២០១៧​ ។

កាលពីចុងខែធ្នូ​ ឆ្នាំ២០១៧​ ជននេះបានលោតសម្លាប់ខ្លួនពីស៊ីទែនផ្ទុកទឹកដ៏ធំក្នុងពន្ធនាគារ​ ដែលអ្នកដឹងរឿងច្បាស់អះអាងថា​ ទំនងមិនមែនជាករណីលោតសម្លាប់ខ្លួនទេ​ គឺជាករណីវៃតប់គ្នាក្នុងពន្ធនាគារ​ ។

លោក​ ណុស​ បូផល​ មេធាវីតំណាងម្តាយសពជនរងគ្រោះ​ថ្លែងថា​ កាលដែលម្តាយប្តឹងចូលតុលាការ​ គឺ​ ចង់ឱ្យតុលាការស្វែងការពិតក្នុងករណីនេះ​ ដែលម្តាយនៃសពអះអាង​ ថា​សពកូនប្រុសមានស្លាកស្នាមច្រើនដែលមិនទំនងជាការលោតសម្លាប់ខ្លួននោះទេ​ ។

លោក​ ចាត​ ស៊ីនាង​ ប្រធានពន្ធនាគាខេត្តកណ្តាល​ បដិសេធថា​ នេះពុំមែនជាករណីវៃតប់គ្នារហូតដល់ស្លាប់ទេ​ គឺ​ អ្នកទោសលោតសម្លាប់ខ្លួនឯង​ ៕ ចេស្តា


ចែករំលែក៖