ព័ត៌មានទាន់ហេតុការណ៍៖

បុរសប្រកបរបរឡើងត្នោតម្នាក់ភ្លាត់ស្នៀតធ្លាក់ចុះដីស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានស្លាប់ពេលបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកខេត្ត បន្ទាប់ពីជនរងគ្រោះបានឡើងត្នោត ដល់ចុងរបូតដៃធ្លាក់មកដី សន្លប់ស្តូកស្តឹង នៅក្រោមដើមត្នោត ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦ល្ងាច ថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ត្រង់ចំណុចភូមិខ្វិត ឃុំពង្រ ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះបេតសារឿនភេទប្រុសអាយុ៣៦ឆ្នាំមានប្រពន្ធនិងកូន២នាក់រស់នៅក្នុងភូមិឃុំ កើតហេតុ។

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា គ្រួសារជនរងគ្រោះ គឺជាគ្រួសារដែលមានជីវភាពក្រីក្រ បុរសរងគ្រោះជាបង្គោលគ្រួសារក្នុងការរកដោះស្រាយជីវភាពប្រចាំថ្ងៃ ដោយឡើង ដើម្បីកៀបយកទឹកត្នោតជូ យកមកលក់ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ ។ តែអកុសល នៅថ្ងៃកើតហេតុ ជនរងគ្រោះបានទៅឡើងត្នោតដូចសព្វរាល់ដង ថ្ងៃនេះនៅពេលឡើងដល់ ក ត្នោត មិនដឹងជាយ៉ាងម៉េច ក៏របូតដៃ ធ្លាក់មកដី សន្លប់ស្តូកស្តឹង អស់អ្នកភូមិនៅក្បែរនាំទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ប៉ុន្តែមានសភាពធ្ងន់ធ្ងរ ក៏ស្លាប់យ៉ាងអាណោចអាធ័ម ។

នៅពេលនេះគ្រួសារក្រីក្រនេះ កំពុងជួបការលំបាក នៅពេលដែលអស់បង្គោលគ្រួសារ ដែលជាអ្នករកស៊ីផ្គត់ផ្គង់គ្រួសារ បន្សល់កូនកំព្រាឪពុក ដែលធ្វើឲ្យជីវភាពកាន់តែយ៉ាប់យ៉ឺនៗទៅ។ នៅពេលនេះ គ្មានអ្វីនោះទេ មានតែ ម្រាមដៃដប់ សុំសណ្តោសមេត្តា ពីសប្បុរសជន មេត្តាផ្តល់នូវក្តីអាណិត ដល់គ្រួរសារគាត់ផង ដើម្បីបន្តដំណើរជីវិតរបស់គាត់ទៅមុខទៀត ពិសេសកូនៗដែលត្រូវការរៀនសូត្រ៕ ចន្ថា


ចែករំលែក៖