ខេត្តកណ្តាល៖ មុខសញ្ញាលក់គ្រឿងញៀនយ៉ាងសកម្មម្នាក់ប្រចាំស្រុកស្អាង បានត្រូវលោក ហុក វ៉ាន់ធីណា ចៅក្រមសើុបសួរ និងជាប្រធានសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួនដាក់ពន្ធនាគារ បណ្តោះអាសន្ន ពីបទ”ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន” ដែលប្រព្រិត្តនៅភូមិតាពេជ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល កាលពី ថ្ងៃទី ០៩ ខែមករា ឆ្នាំ២០១៨ តាមមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
ជនត្រូវចោទមានឈ្មោះ ស្ងួន វាសនា ហៅ ស្នា ភេទទី៣ អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ថ្នាំញៀន ទីលំនៅបច្ចុប្បន្ន ភូមិតាពេជ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។
សូមជម្រាបថា: នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុ ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋល្អថា មានករណី ជួញដូរគ្រឿងញៀន នៅចំណុចភូមិ តាពេជ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល សមត្ថកិច្ចបានចុះត្រួតពិនិត្យឃាត់ខ្លួនជនសង្ស័យឈ្មោះ ស្ងួន វាសនា ហៅស្នា រកឃើញម្សៅក្រាបពណ៌សថ្លា សង្ស័យជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ២០កញ្ចប់តូច។
ជនសង្ស័យសារភាពថា គ្រឿងញៀន(ម៉ាទឹកកក)ចំនួន ០១កញ្ចប់ធំ ខ្លួនបានទិញពីស្រីម្នាក់ មិនស្គាល់ឈ្មោះ នៅចោមចៅ រាជធានីភ្នំពេញ តម្លៃ៥០,០០០០៛ ហើយខ្លួនវេចខ្ចប់លក់បន្ត ក្នុង១កញ្ចប់តូច តម្លៃ៣ម៉ឺនរៀល ៕ ឆ ដា