ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចបញ្ជូនជនជាតិវៀតណាម៨នាក់ទៅសាលាដំបូងខេត្តមណ្ឌលគិរីដែលធ្វើសកម្មភាពកាប់ និងឈូសឆាយព្រៃឈើខុសច្បាប់

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ ជនជាតិវៀតណាមចំនួន៨នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងខេត្តហើយនៅព្រឹកថ្ងៃសុក្រ ១១រោច ខែ បុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ បន្ទាប់ពីកម្លាំងចម្រុះចុះឃាត់ខ្លួនតាំងពីព្រឹកថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០១៨ ត្រង់ចំណុចភូមិសាស្ត្រ ឃុំក្រង់តេះ ស្រុកពេជ្រាដា ក្នុងដែនជម្រកសត្វព្រៃស្រែពក ហើយត្រូវជំនាញរដ្ឋបាលព្រៃឈើនាំទៅសួរនាំ ។

ការឃាត់ខ្លួននោះ ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តមណ្ឌលគិរី ដឹកនាំកម្លាំងចម្រុះចុះឃាត់ខ្លួនបញ្ជូនទៅសាកសួរនៅខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី ក្រោយពីសមត្ថកិច្ចឃាត់ខ្លួនពីបទធ្វើសកម្មភាពកាប់ និងឈូសឆាយព្រៃឈើខុសច្បាប់នៅក្នុងដែនជម្រកសត្វព្រៃស្រែពកក្នុងភូមិសាស្ត្រ ឃុំក្រង់តេះ ស្រុកពេជ្រាដា ។

តាមសេចក្តីរាយការណ៏បានឲ្យដឹងថា អស់រយៈពេលជាច្រើនថ្ងៃមកហើយ គេបានឃើញមានក្រុមជនជាតិវៀតណាមជាច្រើននាក់ប្រើប្រាស់គ្រឿងចក្រធំៗចំនួនបីគ្រឿងឈូសឆាយដីព្រៃនិងកាប់រំលំដើមឈើរាប់ពាន់ដើមគរទុកក្នុងព្រៃជិតអូរផ្លាយក្នុងភូមិ​សាស្ត្រខាង​លើ ។

ប្រភពបន្តថា ជនជាតិវៀតណាមដែលបានធ្វើសកម្មភាពកាប់ផ្តួលដើមឈើរាប់ពាន់ដើមនោះបានប្រើប្រាស់គ្រឿងចក្រដែលមានបិទ​ស្លាករបស់ក្រុមហ៊ុន ដួង ស្រួច គ្រុប(DSG) ។

សមត្ថកិច្ចចុះទៅដល់ទីតាំងនោះក៏បានប្រទះឃើញគំនរឈើធំៗចំនួន៧កន្លែង ដែលមានឈើប្រមាណជិតមួយពាន់ដើមដែលគេកាត់គល់កាត់ចុងរាយប៉ាយពេញព្រៃ ។

មជ្ឈដ្ឋានបានរិះគន់ថាសកម្មភាពរបស់ក្រុមហ៊ុន ដួង ស្រួច គ្រុប ដែលបានជួលជនជាតិវៀតណាមឲ្យកាប់រំលំដើមឈើក្នុងដែនជម្រកការពារសត្វព្រៃបែបនេះ គឺបានធ្វើឲ្យប៉ះពាល់ផ្នែកបរិស្ថានយ៉ាងធ្ងន់ធ្ងរ ជាពិសេសបានបំផ្លាញដល់​ជម្រកសត្វព្រៃរាប់រយប្រភេទដែលកំពុងអាស្រ័យជីវិតក្នុងព្រៃមួយនេះ ។

មជ្ឈដ្ឋានរិះគន់បន្តថា សកម្មភាពក្រុមហ៊ុនដួងស្រួចដែលបាននិងកំពុងធ្វើនោះ គឺមិនបានប្រមូលផលអនុផលព្រៃឈើទៅតាមច្បាប់ដែលបានកំណត់នោះទេ គឺប្រើបប្រាស់គ្រឿងចក្រធុនធ្ងន់ឈូសឆាយផ្តួលរំលំដើមឈើតែម្តង ។

ព្រោះបើយោងទៅតាមលិខិតរបស់រដ្ឋបាលសាលាខេត្តមណ្ឌលគិរីបានសរសេរក្នុងរបាយការណ៍ក្នុងកិច្ចប្រជុំមួយដែលមានសមាភាពចូលរួមដូចជាតំណាងរដ្ឋបាលសាលាខត្ត មន្ទីរអង្គភាពជំនាញរួមមានមន្ទីរបរិស្ថានខណ្ឌរដ្ឋបាលព្រៃឈើផ្នែករដ្ឋបាលព្រៃឈើសែនមនោរម្យ អាជ្ញារស្រុក អាជ្ញារ​ ឃុំ និងតំណាងក្រុមហ៊ុន ដួងស្រួចដាក់ជូនគណៈអភិបាលខេត្តមណ្ឌលគិរី ។

មានចំណុចដែលត្រូវអនុវត្តន៏ដូចជាក្រុមហ៊ុនដួងស្រួចត្រូវអនុវត្តន៍សាកល្បងក្នុងការប្រមូលផលអនុផលព្រៃឈើនៅក្នុង ឃុំចំនួនពីរគឺ ឃុំស្រែអំពូម និង ឃុំក្រង់តេះ ។

មិនត្រូវឲ្យមានប៉ះពាល់ជាមួយប្រជាពលរដ្ឋប៉ះពាល់ដីព្រៃតមព្រៃអារក្សនិងចំណីអូរ ។

ក្រុមហ៊ុនត្រូវអនុវត្តនតែក្នុងរង្វង់ទីតាំងដែលបានស្នើសុំសាកល្បង ប្រសិនបើធ្វើក្រៅពីទីតាំងនោះក្រុមហ៊ុនត្រូវទទួលខុសត្រូវចំពោះមុខច្បាប់. ។

យោងតាមសម្តីរបស់លោក ប៊ុន លី នាយសង្កាត់រដ្ឋបាលព្រៃឈើក្រង់តេះបាននិយាយប្រាប់ក្រុមអ្នកព័ត៌មានថា ក្រុមហ៊ុនដួងស្រួចបានឈូសឆាយដីព្រៃខុសទីតាំងដែលបានកំណត់ក្នុងឯកសារថែមទាំងធ្វើឲ្យមានការប៉ះពាល់ដល់ដីប្រជាពលរដ្ឋដែលមានប្លង់ត្រឹមត្រូវទៀតផង ។

លោក ជ័យ សុខា នាយផ្នែករដ្ឋបាលព្រៃឈើសែនមនោរម្យក៏បានឲ្យដឹងនៅព្រឹកថ្ងៃទី១១ មករា ២០១៨ថានៅពេលនេះជនជាតិវៀតណាមទាំង៨នាក់សមត្ថកិច្ច ឃុំខ្លួនរង់ចាំក្រុមហ៊ុនយកឯកសារពាក់ព័ន្ឋមកផ្ទៀងផ្ទាត់ ។

លោកនាយផ្នែ​កបន្តថា ក្រុមហ៊ុនធ្វើខុសបច្ចេកទេសយ៉ាងណានោះ ត្រូវចាំមើលរបាយការណ៍ដែលខេត្តបានប្រជុំនាពេលកន្ល​ង​មក ។

លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានឲ្យដឹងថា ករណីខាងលើនេះលោកមិនដឹងថា ក្រុមហ៊ុនមានច្បាប់កម្រិតណានោះទេ ។

តែដោយផ្អែកលើជំនាញរបស់លោកត្រូវតែឃាត់ព្រោះបើតាមលោកដឹង សកម្មភាពក្រុមហ៊ុនខាងលើគឺផ្ទុយពីច្បាប់ច្រើនជាងត្រូវច្បាប់ ។

ករណីខាងលើនេះលោកប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីក៏បានសម្តែងការងឿឆ្ងល់ចំពោះការចេញច្បាប់អនុញ្ញាតរបស់ក្រសួងនិងខេត្តដែលបានអនុញ្ញាតឲ្យក្រុមហ៊ុនដួង ស្រួចអាចធ្វើសកម្មភាពកាប់ឈើក្នុងតំបន់ដែលសម្បូរជីវចម្រុះបែបនេះ ។

ហើយលោកបានស្នើចំពោះក្រសួងពាក់ព័ន្ឋគួរសិក្សារឲ្យបានស៊ីជម្រៅលើតំបន់ដែលចេញច្បាប់អនុញ្ញាតឲ្យមានការប្រមូលផលអនុផលព្រៃឈើជៀសវាងប៉ះពាល់លើបញ្ហានានាដែលនាំឲ្យពិបាកដោះស្រាយគោលនយោបាយនាពេលក្រោយ ។

ឯលោក សុខ សេរ៉ា នាយយករងសាលាខេត្តបានឲ្យដឹងថា «ក្រុមហ៊ុនខាងលើនោះពិតជាមានច្បាប់ដីសម្បទានសង្គមកិច្ចពិតប្រាកដមែនតែការឈូសឆាយរបស់ក្រុមហ៊ុនត្រឹមត្រូវតាមទីតាំងរឺមិនត្រឹមត្រូវខ្ញុំមិនដឹងទេតែជនជាតិវៀតណាមមកនោះស្របច្បាប់រឺមិនស្របច្បាប់នោះជារឿងរបស់ក្រុមហ៊ុន» ។

លោក ម៉ម វណ្ណដា ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តមណ្ឌលគិរីបានឱ្យដឹងថា យើងនៅមិនទាន់មានវិធានការយ៉ាងណានោះទេចំពោះពួកគេទាំង៨នាក់ដោយនៅពេលនេះសមត្ថកិច្ចជំនាញកំពុងសាកសួរនិងយកឯកសារនានាមកផ្ទៀងផ្ទាត់ថាតើសកម្មភាពរបស់ក្រុមជនទាំងនោះខុសច្បាប់បែបណា ។

លោកបញ្ជាកដែរថា ចំពោះទីតាំងកំបន់កាប់ឈើនោះប្រសិនបើមានការអភិវឌ្ឍបន្ថែម និងអាចក្លាយទៅជាតំបន់អេកូទេសចរណ៏ដ៏ទាក់ទាញ ព្រោះទីតាំងនោះមានទឹកអូរទឹកធ្លាក់រួមនឹងសម្រស់ព្រៃព្រឹក្សាដ៏ល្អឯកថែមទាំងសម្បូរសត្វស្លាបជាច្រើនប្រភេទទៀតផង ។

តំណាងក្រុមហ៊ុន ដួង ស្រួច គ្រុប ឈ្មោះ ធី បាននិយាយយ៉ាងខ្លីនៅព្រឹកថ្ងៃទី១១ មករា ២០១៨ថានៅពេលនេះ គេកំពុងផ្ទៀងផ្ទាត់លើផែនទីថាតើការកាប់ឈួសឆាយនោះក្នុងទីតាំងបានកំណត់ឬអត់៕ ផង់វិន


ចែករំលែក៖