ព័ត៌មានទាន់ហេតុការណ៍៖

មេគយច្រកស្រែអំបិល លោក គង់ សំរេច ដែលមានខ្សែធំ មិនញញើតក្រុមអធិការកិច្ច បន្តគៃបន្លំ បំបាត់ចំណូលពន្ធ

ចែករំលែក៖

ខេត្តកោះកុង ៖ ច្រើនឆ្នាំមកហើយ ដែលក្រុមឈ្មួញ សប្បាយរកស៊ី ដឹកជញ្ជូន ទំនិញគេចពន្ធ និងទំនិញខុសច្បាប់ មកពីប្រទេសថៃ ចូលតាមច្រក ផែស្រែអំបិល ដែលជាទីតាំងអំណោយផល សម្រាប់ពួកគេ គៃបន្លំចំណូលពន្ធ ព្រោះលោក គង់ សំរេច ជាមេគយប្រចាំច្រកនេះ ក៏មានឈ្មោះ ក្នុងបញ្ជីប្រព្រឹត្ត អំពើពុករលួយ កម្រិតខ្ពស់ ដូចដែល មន្ត្រីតូចតាច មួយចំនួន បានលួចបង្ហើបឲ្យដឹងថា លោក គង់ សំរេច គៃបន្លំចំណូលពន្ធ ធ្វើឲ្យបាត់បង់ ចំណូលថវិកាជាតិ គួរឲ្យញាក់សាច់ និងសាហាវជាង លោក កុយ ឆាយ ទៅទៀត។

មន្ត្រីតូចតាច បានឲ្យដឹងថា ចាប់តាំងពីលោក គង់ សំរេច ឡើងកាន់តំណែង ជាប្រធានការិយាល័យ គយនិងរដ្ឋាករ ប្រចាំច្រកស្រែអំបិល គាត់មានឱកាស ប្រព្រឹត្តអំពើពុករលួយ ឃុបឃិតឲ្យក្រុមឈ្មួញធំៗ នាំចូលទំនិញ ពីប្រទេសថៃ គ្រប់ប្រភេទ រាប់ទាំងគ្រឿងបន្លាស់រថយន្ត សម្បកកង់រថយន្ត គ្រឿងឧបភោគ បរិភោគ និងទំនិញខុសច្បាប់ជាច្រើនមុខទៀត យ៉ាងអនាធិបតេយ្យបំផុត។ ជាធម្មតាលោក គង់ សំរេច មិនដែលខ្វល់ខ្វាយពីការបង្ក្រាប ទំនិញខុសច្បាប់ ឬទំនិញគេចពន្ធ ដែលធ្វើឲ្យខាតបង់ ចំណូលថវិកាជាតិ នោះទេគាត់គិតតែ ផលប្រយោជន៍ ហូរចូលហោប៉ៅផ្ទាល់ខ្លួន សម្រាប់អភិវឌ្ឍមុខតំណែង។

ប្រភពបានឲ្យដឹងថា លោក គង់ សំរេច បានអនុវត្ត ខុសពីតួនាទីរបស់ខ្លួន តាមរយៈការលួចដោះលែង រថយន្តដឹកទំនិញធុនធំ ដែលមិនបង់ពន្ធជូនរដ្ឋ ជាថ្នូរនឹងលុយក្រោមតុ យ៉ាងច្រើន។ ក្នុងនោះ សាឡង់ដឹកទំនិញ ជាច្រើនប្រភេទ រួមមាន ទំនិញស៊ីម៉ង់ត៍ គ្រឿងអេឡិចត្រូនិក ស្រាបៀរ គ្រឿង ម៉ាស៊ីនជជុះ គ្រឿងទេស ដែលដឹកចេញ ពីប្រទេសថៃ ត្រូវបានគេនាំចូល និងផ្ទេរដាក់រថយន្ត នៅចំណុចកំពង់ផែ ស្រែអំបិលថ្មី ដោយគ្មានការត្រួត ពិនិត្យ និងបង់ពន្ធ ឲ្យបានត្រឹមត្រូវឡើយ។

គួររំលឹកថា កាលពីជាង ១ខែមុន ក្រុមអធិការកិច្ច បានចុះអង្កេត តំបន់ប្រមូលពន្ធ នៅស្រុកស្រែអំបិល រកឃើញថា មានរថយន្ដដឹក ទំនិញ ចេញតាមផែនេះ ជាង ៥០គ្រឿង តែមានចុះបញ្ជី និងបង់ពន្ធចូលរដ្ឋ មានត្រឹមតែ ២៥គ្រឿង ប៉ុណ្ណោះ។ រថយន្តដឹកទំនិញ ជាច្រើនគ្រឿងទៀត ត្រូវបានមន្ត្រីគយ បិទភ្នែក ឲ្យដឹកទំនិញចេញ ដោយគ្រាន់តែរាប់ក្បាលឡាន យកលុយ តាមរបៀបពុករលួយ ឬប្រើយុទ្ធសាស្ត្រ បន្លំតួលេខទំនិញ ដោយចំនួនទំនិញច្រើន តែតួលេខចំណូល បានតិចតួច ដែលធ្វើឲ្យការប្រមូលពន្ធ មិនមានតុល្យភាព តាមទំនិញជាក់ស្តែង និងបាត់បង់ ចំណូលថវិកាជាតិ។

ច្រកស្រែអំបិល ធ្លាប់មាន ភាពចម្រូងចម្រាស រវាងជំនាញគយ និងសមត្ថកិច្ចដទៃទៀត ដែលប្រចាំការ នៅទីនោះដូចជាករណីខ្លះ ទូកដឹកទំនិញ ចំណុះ ៣០-៤០តោន ចូលមកដល់ ផែស្រែអំបិល គឺជំនាញគយត្រួតពិនិត្យ និងវាយតម្លៃពន្ធ តាមតែអំពើចិត្ត ដូចជាពេលកន្លងទៅក្នុងទូកដឹកទំនិញ ចំណុះ ៣០-៤០តោន គេដឹងថា ជំនាញគយបានបង្គាប់ឲ្យក្រុមឈ្មួញ បង់ពន្ធមិនដល់ ពាក់កណ្តាលផងទេ ហើយសល់ប៉ុន្មាន ត្រូវផ្តល់សេវាជូនមន្ត្រីគយ ដែលជួយសម្របសម្រួល កាត់បន្ថយការបង់ពន្ធ ដែលករណីនេះ ទាមទារឲ្យអង្គភាព ប្រឆាំងអំពើពុករលួយ ចុះស៊ើបអង្កេត ពីការឃុបឃិត បំបាត់ចំណូលពន្ធ នៅច្រកស្រែអំបិល ឡើងវិញផង៕ ហេង សូរិយា


ចែករំលែក៖