ខេត្តព្រះសីហនុ៖ លោកវរសេនីយ៍ត្រីហួ យ៉ៃ អធិការរងនគរបាលស្រុកព្រៃនប់ ទទួលការងារព្រហ្មទណ្ឌ បានឲ្យដឹងថា៖ កាលពីយប់ថ្ងៃ១១ មករា ឆ្នាំ ២០១៨កន្លងទៅនេះ មានអំពើហិង្សាមួយកើតឡើង នៅក្នុងពិធីអាពាហ៍ពិពាហ៍មួយ នៅក្នុងភូមិកំពង់ចិន ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បង្កឡើងដោយជនសង្ស័យ ឈ្មោះ ហុង ចន្ថា (ហៅ ធាត់) ភេទប្រុស អាយុ ២៥ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកំពង់ចិន ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និង គ្នីគ្នាបីនាក់ទៀតបានប្រើដំបងឈើ និង ខ្សែក្រវាត់ព្រួតវាយទៅលើ ឈ្មោះ ប៉ាវ រ៉ាត់ ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅដូចគ្នា បណ្តាលឲ្យត្រូវក្បាល ភ្នែកខាងស្ដាំ និង ដៃទាំងសង់ខាងរងរបួសធ្ងន់។
លោកហួ យ៉ៃ បានបញ្ជាក់ថា៖ ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកវរសេនីយ៍ឯកហ៊ីង ច័ន្ទរិទ្ធ អធិការនគរបាល ស្រុកព្រៃនប់ បានបញ្ជាឲ្យកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំទឹកថ្លា ចេញធ្វេីអន្តរាគមន៍ ទាំងយប់ តែពួកជនបង្កហេតុ បានសម្ងំលាក់ខ្លួន លុះព្រឹកឡើង ថ្ងៃទី១២ ខែមករា ឆ្នាំ ២០១៨ កម្លាំងសមត្ថកិច្ចបានរកឃើញនិងឃាត់ខ្លួន ជនដៃដល់បានម្នាក់ឈ្មោះហុង ចន្ថា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិឃុំ កើតហេតុ រីឯគ្នីគ្នាផ្សេងទៀត បានរត់គេចខ្លួនបាត់។
លោកហួ យ៉ៃ បានបញ្ជាក់ថា៖ រឿងហេតុ ផ្តើមឡើងដោយការស្រវឹង ឈ្មោះប៉ាវ រ៉ាត់ ឡើងជល់កែវ ហើយកេះខ្នង ប្រពន្ធ របស់ហុង ចន្ថា សួរថា ប្តីហែងមកឬអត់? ពេលនោះមានការប្រកែប្រកាន់ ក្រុមគ្រួសារមិត្តភក្តិរបស់ហុង ចន្ថា ក៏នាំគ្នាយកដំបង និង ខ្សែក្រវាត់ វាយឈ្មោះប៉ាវ រ៉ាត់ បណ្ដាលឲ្យរងរបួសធ្ងន់ តែម្តង។
ករណីនេះ បានកសាសំណុំរឿងតាមនីតិវិធីបញ្ជូនទៅតុលាការ៕ ឆ្លាម សមុទ្រ