ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនឹងបញ្ជូនខ្លួនបុរស២នាក់ ទៅតុលាការ ដើម្បីចាត់ការបន្ត ពាក់ព័ន្ធករណី លក់ដីខ្យល់

ចែករំលែក៖

ភ្នំពេញ៖ ក្រោយពីបានឃាត់ខ្លួននៅព្រឹកថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ សមត្ថកិច្ចយកដ្ឋានព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃចាប់ខ្លួនបុរស២នាក់ រួចបញ្ជូន ទៅតុលាការ ពាក់ព័ន្ធករណីឆបោកប្រាក់ លក់ដីខ្យល់។

យោងតាមប្រភពពីសមត្ថកិច្ចការចាប់ខ្លួនបុរសទាំង ២នាក់ខាងលើនេះ ធ្វើឡើងតាមដីកា បង្គាប់ឲ្យនាំខ្លូន លេខ ១០០៦ “ឃ១” ដ.ច.ន ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ និង ដីកាបង្គាប់ឲ្យនាំខ្លួនលេខ ១០០៧ “ឃ១” ដ.ច.ន ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ របស់លោក វ៉ាន់ សែនវិសុទ្ធ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ។

សមត្ថកិច្ចបង្ហើបឲ្យដឹងថា ជនត្រូវចោទទាំង២នាក់ ដែលត្រូវឃាត់ខ្លួន៖ ទី១ឈ្មោះ ស៊ុន សៀន ភេទប្រុស អាយុ ៤៨ឆ្នាំ ទីលំនៅផ្ទះលេខ ១៤៦ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ និងទី២ឈ្មោះ ហេង សាន ភេទប្រុស អាយុ ៤៥ ឆ្នាំ ទីលំនៅផ្ទះលេខ ១៤៦ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

សមត្ថកិច្ចបានបង្ហើបថា កាលពីអំឡុងឆ្នាំ២០១៣ បុរសទាំង២នាក់ខាងលើបាន ឆបោក ប្រាក់កក់របស់ដើមបណ្តឹងចំនួន ៥០,០០០ដុល្លារ យកទៅទិញដីចំនួន ៦០០០ហិកតា នៅក្នុងខេត្តកំពត តែទីបំផុតត្រូវដើមបណ្តឹងទៅតុលាការ និងឲ្យសមត្ថកិច្ចចាប់ខ្លួន ព្រោះតែគ្មានដីឲ្យម្ចាស់លុយគេ។

សមត្ថកិច្ចបញ្ជាក់ថា បច្ចុប្បន្នជនត្រូវចោទកំពុងស្ថិតក្រោមការសាកសួរ របស់លោក វ៉ាន់ សែនវិសុទ្ធ មុននឹងសម្រេចថា ឃុំខ្លួន ឬមិនឃុំខ្លួនជនត្រូវចោទទាំង២នាក់៕ អរុណរះ

 

 


ចែករំលែក៖