ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្ដីម្នាក់ត្រូវបានប្រទះឃើញស្លាប់ដោយក្រមារិតក.សង្ស័យករណីឃាតកម្ម

ចែករំលែក៖

ខេត្តកណ្ដាល៖ ស្រ្ដីចំណាស់ម្នាក់ត្រូវបានក្រុមគ្រួសារប្រទះឃើញស្លាប់ក្នុងព្រៃមួយកន្លែង ដោយយកក្រមារឹតក. កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៧និង០៥នាទី ត្រង់ចំណុចត្រពាំងពង្រ ស្ថិតនៅភូមិគោល ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្ដាល ក្រោយពីស្រ្ដីរូបនេះបានចេញទៅផ្លាស់គោដោយបាត់ខ្លួនពុំឃើញត្រឡប់មកវិញអស់រយៈពេលមួយយប់ ។ ករណីខាងលើនេះគឺជាករណីឃាតកម្ម ។

មន្រ្ដីនគរបាលស្រុកអង្គស្នួលបានឲ្យដឹង ស្រ្ដីរងគ្រោះឈ្មោះ ឃួន ខឿន អាយុ៦៧ឆ្នាំ មុខរបរកសិករ មានទីលំនៅក្នុងភូមិគោល ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ ស្ត្រីរូបនេះមានប្ដីឈ្មោះសន ស៊ុយ អាយុ៧៣ឆ្នាំ ។

ប្រភពដដែលបន្តថា តាមការបំភ្លឺរបស់ក្រុមគ្រួសារស្រ្ដីរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុវេលាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ ស្ត្រីរងគ្រោះបានទៅចូលរួមក្នុងកម្មវិធីបុណ្យសង្ឃទាន ផ្ទះអ្នកជិតខាងដោយមានពាក់គ្រឿងអលង្ការ និងដាក់លុយចំនួន៥០០ដុល្លារ ជាប់ខ្លួនផងដែរ ។ ក្រោយមកនៅវេលាម៉ោងប្រហែល២រសៀល ប្ដីរបស់លោកស្ត្រីរងគ្រោះបានជិះម៉ូតឌុបកូនស្រីម្នាក់ ហើយបានដួលម៉ូតូ បណ្ដាលឲ្យរងរបួសយ៉ាងដំណំ ។ ខណៈនោះលោកស្ត្រីរងគ្រោះបានដាំទឹកក្ដៅស្អំរបួសឲ្យប្ដីគាត់រួចរាល់ រហូតមកដល់វេលាម៉ោង៣រសៀលថ្ងៃដដែល ទើបគាត់ចាកចេញពីផ្ទះទៅផ្លាស់គោ ហើយក៏ស្រាប់តែបាត់រហូតមិនឃើញត្រឡប់មកផ្ទះវិញឡើយ ។ ចំណែកឯក្រុមគ្រួសារមានការងឿងឆ្ងល់បាត់យូទៅៗមិនឃើញត្រឡប់មកវិញ រហូតដល់វេលាម៉ោង៤និង៣០នាទីល្ងាច ក៏បាននាំគ្នាតាមរកគ្រប់ទីកន្លែងរហូតដល់ជិតភ្លឺ ប៉ុន្តែនៅតែរកមិនឃើញ រួចក៏ឈប់សម្រាកសិន ។ លុះដល់ព្រឹកឡើងថ្ងៃទី១២ ខែមករា បានបន្ដដើររកតទៅទៀត ក៏បានប្រទះឃើញសាកសពស្រ្ដីរងគ្រោះដេកស្លាប់នៅក្នុងព្រៃលើដីទួលមាត់ត្រពាំងពង្រនោះដោយក្រមារិតក. ទើបមានការភ្ញាក់ផ្អើលដល់ពលរដ្ឋជិតខាងនិងរាយការណ៍ជូនសមត្ថកិច្ចមកធ្វើការពិនិត្យ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាន ភ្លាមនោះសមត្ថកិច្ចបច្ចេកទេសនិងវិទ្យាសាស្ត្រខេត្តបានចុះ មកដល់កន្លែងកើតហេតុ រួចពិនិត្យសព ដោយមានការចូលរួមពី កម្លាំងជំនាញនគរបាលស្រុក លោកក្រុមប្រឹក្សាឃុំ គ្រូពេទ្យ មេភូមិ នគរបាលប៉ុស្តិ៍ ផងដែរ រួចបានបញ្ចាក់ថា ស្រ្ដីរងគ្រោះពិតជាស្លាប់ដោយសារករណីឃាតកម្ម ដោយការរឹតកនឹងក្រមាបណ្តាលឲ្យស្លាប់ ។

តាមការរៀបរាប់របស់ក្រុមគ្រួសារសាច់ញាតិបានឲ្យដឹងទៀតថា ក្រោយពីត្រឡប់មកពីបុណ្យសង្ឃទានវិញ ស្ត្រីរងគ្រោះបានដោះគ្រឿងអលង្ការ រួមជាមួយលុយទុកនៅទូក្នុងផ្ទះអស់ហើយ ទើបចេញពីផ្ទះទៅផ្លាស់គោ ដោយនៅសល់តែចិញ្ចៀនចំរៀកផ្ដៅពាក់ជាប់ដៃ១វង់ប៉ុណ្ណោះ ហើយនៅពេលប្រទះឃើញសាកសពចិញ្ចៀននេះក៏បានបាត់មិនឃើញនៅជាប់និងខ្លួនស្រ្ដីរងគ្រោះដែរ ដែលសង្ស័យឃាតករដោះយកក្រោយពេលសម្លាប់គាត់រួច ។

ករណីខាងលើនេះ ត្រូវបានសមត្ថកិច្ចកំពុងកសាងសំណុំរឿងធ្វើការស្រាវជ្រាវរកមុខឃាតករដើម្បីយកមកផ្តន្ទាទោសចាត់ការតាមនីតិវិធីច្បាប់ ។ ចំពោះសាកសពត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ស្អាងជ័យ


ចែករំលែក៖